ដំរីព្រៃបង្ហាញខ្លួននៅក្រោយអគារសាលាស្រុកកែវសីមា ខេត្តមណ្ឌលគីរី
សត្វដំរីព្រៃជាច្រើនក្បាល បានបង្ហាញខ្លួនចាប់តាំងពីសប្តាហ៍កន្លងទៅរហូតមកដល់ថ្ងៃនេះនៅតាមគុម្ពោតព្រៃ ចម្ងាយប្រមាណ ១០០ម៉ែត្រខាងក្រោយអគារសាលាស្រុកកែវសីមា នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី។
យោងតាមសេចក្តីរាយការណ៍របស់លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តទទួលបន្ទុកដែនជម្រកសត្វព្រៃកែវសីមា បានឲ្យដឹងថា មានដំរីព្រៃចំនួន ៧ ក្បាល(ក្នុងនោះមាន ២ក្បាល មានវ័យស្ទើរជំទង់) កំពុងដើរស្វែងរកស៊ីចំណីនិងផឹកទឹក នៅក្បែរភូមិ អូរអាម ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ស្ទើររៀងរាល់ល្ងាច ចន្លោះពីម៉ោង ៥ ទៅ ម៉ោង ៦ ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា មក។ ហ្វូងដំរីនោះ បានមកស៊ីចេក ឫស្សី និងរុក្ខជាតិតូចៗដែលដុះនៅលើដីឡូត៍របស់អ្នកភូមិទុកចោលនៅក្បែរសាលាស្រុក ហើយក៏វិលត្រឡប់ទៅកាន់ជម្រករបស់វានៅក្នុងព្រៃវិញ បន្ទាប់ពីបានផឹកទឹករួច។
លោក ប៊ុនធឿន បានបញ្ជាក់ថា ហ្វូងដំរីនោះតែងបង្ហាញខ្លួននៅក្បែរៗភូមិរបស់អ្នកស្រុកបីឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែ នេះជាលើកទីមួយ ដែលដំរីទាំងនោះចូលមកជិតភូមិរបស់អ្នកស្រុកជាងសព្វដង។ លោក ប៊ុនធឿនបានធ្វើការសន្និដ្ឋានថា គោលបំណងសំខាន់របស់ដំរីទាំងនោះគឺមករកទឹកផឹក ព្រោះប្រភពទឹកភាគច្រើននៅតាមទីជម្រករបស់ពួកវា អាចរីងហួតអស់ក្នុងកំឡុងរដូវប្រាំងនេះ។
លោក ប៊ុនធឿន បានបញ្ជាក់បន្ថែមថា កាលពីល្ងាចថ្ងៃទី ២៦ ខែមីនា ២០១៩ វេលាម៉ោង ៥ និង ៤៥ នាទី ដំរី ៣ក្បាល ក្នុងចំណោមដំរីទាំង ៧ក្បាល បានដើរចូលមករកស៊ីចំណីកាន់តែជិត គឺចម្ងាយប្រហែលតែ ៣០ម៉ែត្រ ប៉ុណ្ណោះពីក្រោយអគារសាលាស្រុក។
បុគ្គលិកប្រចាំតំបន់របស់អង្គការ WCS និងមន្ត្រីបរិស្ថានខេត្ត បានតាមឃ្លាំមើលដំណើរផ្លាស់ទីរបស់ហ្វូងដំរីនោះយ៉ាងយកចិត្តទុកដាក់ និងបានត្រៀមលក្ខណៈជាស្រេចដើម្បីចាត់វិធានការ ប្រសិនបើដំរីទាំងនោះវាយប្រហារអ្នកភូមិ។ រហូតមកដល់ពេលនេះ ហ្វូងដំរីនោះមិនទាន់បង្កឲ្យមានការខូចខាតអ្វីទេ។
លោក អន អាត មន្ត្រីរបស់អង្គការ WCS ទទួលបន្ទុកផ្នែកវិវាទរវាងមនុស្សនិងសត្វព្រៃ បានថ្លែងថា ដោយសារតែប្រជាជននៅក្នុងនិងជុំវិញតំបន់ដែនជម្រកសត្វព្រៃកែវសីមាមានចំនួនច្រើន និងចំនួនសត្វដំរីច្រើនបំផុតដែលនៅសេសសល់រស់នៅក្បែរគ្នា ដូច្នេះ វិវាទរវាងមនុស្សនិងសត្វដំរី អាចនឹងកើតមានឡើង។ នៅពេលដែលមនុស្សកាប់ឆ្ការរានដីខុសច្បាប់បំផ្លាញជម្រករបស់ដំរី និងពង្រីកការសាងសង់លំនៅឋានបិទផ្លូវដែលវាធ្លាប់ធ្វើដំណើរឆ្លងកាត់ ដំរីតែងបង្ហាញខ្លួនញឹកញាប់នៅជិតផ្ទះរបស់មនុស្ស។ កាលពីឆ្នាំ ២០១៨ មានវិវាទរវាងមនុស្សនិងសត្វដំរីមួយចំនួនកើតមាននៅក្នុងភូមិចំនួន ១១ ដោយបង្កឲ្យមានការខូចខាតដល់ផលដំណាំជាច្រើនដូច ស្រូវ ស្វាយចន្ទី និងចេក។
ការបង្ហាញខ្លួនជារៀងរាល់ឆ្នាំរបស់សត្វដំរីព្រៃទាំងនោះ បានបង្ហាញថា ចំនួនសត្វដំរីព្រៃទាំងអស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានោះ ទទួលបានការការពារយ៉ាងល្អ ក្រោមគម្រោងគាំទ្រព្រៃឈើនិងជីវចម្រុះ ដែលឧបត្ថម្ភមូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ពីឆ្នាំ ២០១២ ដល់ ២០១៦។
បច្ចុប្បន្ននេះ តំបន់ដែនជម្រកសត្វព្រៃកែវសីមា បានក្លាយជាទីជម្រករបស់សត្វដំរីព្រៃអាស៊ីចំនួនប្រហែល ១១៥ក្បាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។