ស្ពាន​ជ្រោយ​ចង្វា​រ​ទី១​ ​នឹង​បើកឲ្យ​ដំណើរការ​នៅ​សប្តាហ៍​ក្រោយ​

នៅ​ថ្ងៃទី៣​ ​ខែមេសា​ ​សប្តាហ៍​ក្រោយនេះ​ ​ស្ពាន​ជ្រោយចង្វា​ទី១​ ​ឬ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ជ្រោយ​ចង្វា​រ​ ​នឹង​បើក​ដំណើរការ​ឲ្យ​ប្រើប្រាស់​ឡើងវិញ​ហើយ​ ​ក្រោយពី​ធ្វើការ​ជួសជុល​ឡើងវិញ​។​

​តាម​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ការ​បើក​ដំណើរការ​ឡើងវិញ​ស្ពាន​ជ្រោយចង្វា​ទី១​ ​នៅ​ថ្ងៃទី៣​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ខាងមុខ​ ​នឹង​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ ​សាំ​ ​ពិសិដ្ឋ​ ​ប្រធានមន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​រាជធានី​ភ្នំពេញ​ ​បាន​ឲ្យដឹង​ថា​ ​គម្រោង​ជួសជុល​ស្តារ​ទ្បើង​វិញ​ស្ពាន​នេះ​ ​ត្រូវ​បាន​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ក្នុងទឹក​ប្រាក់​ចំនួន​ ​៣.៣៤៣លាន​យ៉េន​ ​ប្រហែល​ប្រមាណ​ជា​ ​៣៣​ ​លាន​ដុល្លារ​អាមេរិក​។​ ​ការ​ជួសជុល​ស្តារ​ទ្បើង​វិញ​នៃ​ស្ពាន​នេះ​ ​បាន​ប្រើ​រយៈពេល​ប្រមាណ​ជា​ ​២១ខែ​ ​ដែល​គ្រោង​បញ្ចប់​នៅ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​ ​

ស្ពាន​នេះ​មាន​ប្រវែង៩៧១មែ​ត្រ​ ​ទទឹង១៣ម៉ែត្រ​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦Aក្នុង​ភូមិសាស្ត្រ​ទឹកដី​ ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​សាងសង់​ ​និង​សម្ពោធ​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ១៩៦៣​ ​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​។​ ​ស្ពាន​នេះ​ត្រូវ​បាន​ខូចខាត​ដោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ ​និង​ត្រូវ​បាន​សាងសង់​ឡើងវិញ​នៅ​ឆ្នាំ១៩៩២​ ​ដោយ​ប្រទេស​ជប៉ុន​ ​ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​ដោយ​ព្រះ​មហា​វិ​រក្ស​ត្រ​ ​សម្ដេចព្រះ​បាទ​ព្រះ​បរម​រតន​កោដ្ឋ​ ​នរោត្ដម​ ​សីហនុ​។​

​ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់​ ​ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ ​និង​លំហូរ​ចរាចរ​ ​កើនឡើង​ជាលំដាប់​ ​ស្ពាន​នេះ​តម្រូវឲ្យ​មានការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​ ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​ជួសជុល​នៅ​ថ្ងៃទី១៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៧​ ​និង​គម្រោង​បញ្ចប់​នៅ​ថ្ងៃទី១៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​។​ ​គិត​រហូតមកដល់​ពេលនេះ​ ​ការងារ​ស្តារ​ ​និង​ជួសជុល​ស្ពាន​នេះ​ឡើងវិញ​សម្រេច​បាន១០០ភាគរយ​ហើយ​ ​ដែល​បញ្ចប់​មុន​កាលកំណត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close