ឧកញ៉ា ទៀ វិចិត្រនិងតារាកប្លែងលោកជួង ជីហៅនាយកុយបាននិមន្តព្រះសង្ឃបួងសួងសុំសេចក្តីសុខអោយអ្នកធ្វើដំណើរតាមផ្លូវមានសេចក្តីសុខនៅមុខលោកយាយម៉ៅ
នៅព្រឹកថ្ងៃទី២៨មីនា២០១៩ លោកឧកញ៉ាទៀ វិចិត្រ បាននិមន្តព្រះសង្ឃធ្វើពិធីបួងសួងនៅមុខអាសនៈលោកយាយម៉ៅពេជ្រនិល ដើម្បីសុំសេចក្តីសុខចម្រុងចម្រើនដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ រួចផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជាបន្តបន្ទាប់កន្លងមក ហើយក្នុងឱកាសនោះក៍មានវត្តមាននាយកុយដែលជាតារាកំប្លែងជើងចាស់ចូលរួមផងដែរ។
ជាមួយនិងការបួងសួងនៅមុខអាសនៈលោកយាយម៉ៅពេជ្រនិល លោកឧកញ៉ាមានប្រសាសន៏រំលឹកដែរថា កន្លងមកនេះ គ្រោះថ្នាក់ចរាចរណ៏តាមផ្លូវជាតិលេខ៤ ធ្វើអោយមានជនរងគ្រោះស្លាប់និងរបួស ខូចខាតយានយន្តនិងខាតបង់ទ្រព្យសម្បត្តិទាំងរដ្ឋនិងឯកជន ដែលចាំបាច់ត្រូវរួមគ្នាប្រុងប្រយត្ន័រាល់ពេលបើកបរដោយគោរពច្បាប់ កុំបើកបរលឿនហួសកម្រិត ឬបើកបរពេលស្រវឹង។
បន្ទាប់មកលោកឧកញ៉ាទៀ វិចិត្ររួមជាមួយតារាកំប្លែងនាយកុយ ក៍បានរៀបចំជាអំណោយមានគ្រឿងឧបភោគបរិភោគនិងថវិកា ចែកជូនដល់ពលរដ្ឋក្រីក្រជួបការលំបាកនៅទីនោះចំនួន១៥គ្រួសារផងដែរ។ លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍បញ្ជាក់បន្ថែមថា សកម្មភាពទាំងអស់នេះធ្វើឡើងនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣ចូលមកដល់ ដើម្បីសុំសេចក្តីសុខចម្រុងចម្រើនទាំងអស់គ្នាផង និងចែករំលែកជាគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាខ្លះជូនដល់ពលរដ្ឋជួបការលំបាកផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។