យុវតីបើករថយន្ត Range Rover បុកនិស្សិតម្នាក់ស្លាប់នៅខណ្ឌទួល ត្រូវបញ្ជូនទៅតុលាការហើយ បន្ទាប់ពីឪពុកនាំទៅប្រគល់ជូននគរបាល
បន្ទាប់ពីលោក យិន ហ្គិច ជាឪពុកបាននាំខ្លួនកូនស្រីទៅប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ ភ្លាមៗនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ជនសង្ស័យឈ្មោះ យិន ម៉ាណា ដែលជាតៃកុងរថយន្ត Range Rover ស្លាកលេខ 7777 បុកនិស្សិតឈ្មោះ ឌុំ រីដា ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីឲ្យតុលាការចាត់ការតាមច្បាប់។
ពាក់ព័ន្ធករណីនេះ លោក សែម គន្ធា ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងខាងលើនេះត្រូវបានសមត្ថកិច្ចជំនាញកសាង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។
សូមជម្រាបជូនថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយ ឈ្មោះ យិន ម៉ាណា បានបើករថយន្ត ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកជនរងគ្រោះឈ្មោះ ឌុំ រីដា ស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក យិន ហ្គិច ជាឪពុកជនបង្កបានព្យាយាមដោះស្រាយ និងទទួលខុសត្រូវដោយបានចូលបុណ្យសពជនរងគ្រោះចំនួន ៥០០០ដុល្លារ។
បន្ទាប់ពីចូលបុណ្យសព លោក យិន ហ្គិច បាននាំខ្លួនកូនស្រីទៅប្រគល់ជូនសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមច្បាប់ និងទទួលខុសត្រូវចំពោះសំណងជំងឺចិត្តទៅគ្រួសារជនរងគ្រោះថែមទៀតផង។
សូមរំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយឡាន Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកលឿនទៅបុកជនរងគ្រោះដែលកំពុងជិះម៉ូតូនៅចំណុចផ្លូវបំបែកជា៤ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយបង្កហេតុ តែកុងរថយន្តបានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែសំណាងល្អដែលមានវីដេអូកាមេរ៉ាសុវត្ថិភាពបានថតជាប់ស្លាកលេខរថយន្ត រហូតសមត្ថកិច្ចអាចកំណត់មុខសញ្ញាម្ចាស់រថយន្តខាងលើបាន៕ មករា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។