សម្តេច ហ៊ុន សែន បញ្ជាក់ពីការបន្តដំណើរការរបស់ក្រុមហ៊ុនផ្លូវដែករ៉ូយ៉ាល់រេលវ៉េ របស់លោកឧកញ៉ា គិត ម៉េង
បន្ទាប់ពីប្រកាសពីការបញ្ចប់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវ៉េ ក្នុងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា កាលពីចុងសប្តាហ៍មុន នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨រួចមក នៅព្រឹកមិញនេះ ក្នុងឱកាសចែកវិញ្ញាបនបត្រដល់និស្សិតវណ្ណដាគណនេយ្យ សម្តេចតេជោ សែន បានបញ្ជាក់ថា នៅចន្លោះអន្តរកាលនេះ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវ៉េ នៅតែបន្តដំណើរការរបស់ខ្លួនជាធម្មតា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដែលសម្រេចឲ្យក្រុមហ៊ុន រ៉ូយ៉ាល់រេលវ៉េ វិនិយោគបន្តលើផ្លូវដែកកម្ពុជា គឺដោយសារបញ្ហាបច្ចេកទេសផ្ទេរសិទ្ធិនៅមានបញ្ហាស្មុគស្មាញ និងកែសម្រួលមិនទាន់។ ដូច្នេះក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង នេះ បន្តធ្វើការវិនិយោគលើផ្លូវដែក រហូតមានកិច្ចព្រមព្រៀងថ្មី ដែលក្រុមហ៊ុនរ៉ូយ៉ាល់រេលវ៉េ អាចចូលរួមប្រកួតប្រជែងផងដែរ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញបានបញ្ជាក់ថា ដោយក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយលើលក្ខខណ្ឌគតិយុត្តិ និងបច្ចេកទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក ក្រសួងអនុញ្ញាតឲ្យក្រុមហ៊ុនរ៉ូយ៉ាល់រ៉េវេ បន្តប្រតិបត្តិការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវដែកខាងត្បូងដដែល។
ទន្ទឹមនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ខ្លួននឹងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងនោះអាចមានការចូលរួមពីក្រុមហ៊ុនរ៉ូយ៉ាល់រេវ៉េ ដើម្បីធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូងឲ្យសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញនិងនាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរឲ្យមានលក្ខណៈស្តង់ដារអន្តរជាតិ និងធ្វើឲ្យមានភាពជឿជាក់ មានសុវត្ថិភាព និងមានតម្លៃសមរម្យ ដែលជាកត្តាជំរុញឲ្យផ្លូវដែកកម្ពុជាក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ពិតប្រាកដ ក្នុងការបង្កើតជាកាលានុវត្តភាពថ្មីៗសម្រាប់ប្រជាជាតិកម្ពុជា។
ជាមួយនឹងការបន្តឲ្យនៅដំណើរការអាជីវកម្មផ្លូវដែកនៅកម្ពុជានេះ ក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវ៉េ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង បានចេញប្រកាសមួយភ្លាមៗដែរកាលពីថ្ងៃអាទិត្យ ដោយសន្យាថា ខ្លួននឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តនិរន្តរភាព នៃការដឹកជញ្ជូនតាមផ្លូវដែកឲ្យកាន់តែល្អប្រសើរឡើង ទាំងការដឹកជញ្ជូនភ្ញៀវអ្នកដំណើរ ប្រេង សាំង ធ្យូងថ្ម និងទំនិញនានាជាច្រើនមុខទៀតតាមទូកុងតឺន័រ មិនឲ្យរាំងស្ទះឡើយ។
ជាមួយគ្នាក្រុមហ៊ុនក៏បានប្តេជ្ញាខិតខំពង្រឹងលើកកម្ពស់លក្ខណៈស្តង់ដារ នៃការដឹកជញ្ជូនតាមផ្លូវដែកឲ្យទាន់សម័យជាអន្តរជាតិឲ្យមានភាពជឿជាក់ មានសុវត្ថិភាព មានប្រសិទ្ធភាព មានតម្លៃសមរម្យ ដើម្បីជាការរួមចំណែកជំរុញវិស័យដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជា ក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ពិតប្រាកដ ក្នុងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ប្រជាជាតិកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។