ការបិទស្ទីកឃ័រ ចែកខិត្តប័ណ្ណ ត្រូវបានហាមមិនឲ្យមានទៀតទេនៅក្នុងរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ មេសា ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងជាថ្មីម្តងទៀត ដោយប្រកាសហាមដាច់ខាតមិនឲ្យមានការបិទស្ទីកឃ័រ ចងបដា និងការចែកខិត្តប័ណ្ណផ្សព្វផ្សាយពីអាជីវកម្ម នៅតាមរបងការដ្ឋាន រមណីយដ្ឋាន និងតាមភ្លើងស្តុបទៀតទេ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានធ្វើការណែនាំជាច្រើនលើករួចមកហើយឲ្យបញ្ឈប់សកម្មភាពអនាធិបតេយ្យនេះ ប៉ុន្តែបច្ចុប្បន្ននៅតែសង្កេតឃើញមានការបិទស្ទីកឃ័រ ការចងបដាផ្សព្វផ្សាយពាណិជ្ជកម្ម សេវាកម្ម ផលិតផលយ៉ាងអនាធិបតេយ្យ នៅតាមបង្គោលភ្លើង ដើមឈើ បង្គោលចរាចរណ៍ របងអគារ របងការដ្ឋាន ទីសាធារណៈ និងការចែកខិត្តប័ណ្ណតាមភ្លើងស្តុបជាដើម ដែលបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភណភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានក្នុងរាជធានីភ្នំពេញ។
ដូច្នេះ ដើម្បីរួមចំណែកលើកកម្ពស់សោភណភាព កិត្យានុភាពជាតិ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលរាជធានីភ្នំពេញ ស្នើដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុន អង្គការ សមាគម ធនាគារ និងផ្នែកឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើអសកម្មទាំងនេះ ហើយត្រូវបកចេញឲ្យអស់នូវស្ទីកឃ័រ និងបដាផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ប្រសិនបើមិនមានការរុះរើទេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។