ដឹងមូលហេតុដែល ស.ស.យ.ក មិនរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅឆ្នាំនេះ
ទីបំផុតទៅសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាស្ថាប័នចំបងក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានបញ្ជាក់អំពីមូលហេតុដែលឆ្នាំនេះ ខ្លួនមិនរៀបចំធ្វើព្រឹត្តិការណ៍អង្គរសង្រ្កាន្តហើយ។
យោងតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ការមិនរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តថ្នាក់ជាតិឆ្នាំ២០១៩នេះ គឺដោយសារក្រុមការងារមានបំណងយកឱកាសនេះ ចូលរួមក្នុងពិធីសង្រ្កាន្តដែលគ្រោងនឹងរៀបចំដោយ ស.ស.យ.ក នៅតាមបណ្តារាជធានី-ខេត្ត និងក៏ដើម្បីឆ្លៀតពេលធ្វើការឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ដែលបានរៀបចំក្នុងបណ្តាឆ្នាំកន្លងទៅ ធ្វើយ៉ាងណាឲ្យការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅឆ្នាំបន្តបន្ទាប់មានលក្ខណៈកាន់តែល្អប្រសើរឡើង។
ជាមួយគ្នានេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏កោតសរសើរ និងលើកទឹកចិត្តដល់ ស.ស.យ.ក. នៅតាមបណ្តារាជធានី-ខេត្ត ចំពោះការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនៅតាមតំបន់រៀងៗខ្លួនដើម្បីចូលរួមលើកកម្ពស់វប្បធម៌ សិល្បៈ និងប្រពៃណីខ្មែរ ក៏ដូចជាដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។
យ៉ាងណាក៏ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានប្តេជ្ញាថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាបណ្តាឆ្នាំខាងមុខៗទៀត ដើម្បីបង្កើតស្នាមញញឹមជូនដល់ពុកម៉ែ មាមីង បងប្អូនយើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
គួរបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០១៣ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ក៏មានការគាំទ្រច្រើន តាមរយៈកំណើនភ្ញៀវទេសចរ ជាពិសេសព្រឹត្តិការណ៍នេះបានក្លាយទៅជាប្រភពសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ខេត្តសៀមរាប។
រយៈពេលកន្លងមកនេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តក៏បានបង្កើតឲ្យមាននូវការបំបែកឯតទគ្គកម្មពិភពលោកចំនួនពីរជូនកម្ពុជា ដែលក្នុងនោះ គឺការបំបែកកំណត់ត្រាអ្នករាំចង្វាក់ម៉ាឌីហ្សូន ដែលមានមនុស្សចូលរួមចំនួន ២០១៥នាក់ និងការធ្វើនំអន្សមដែលមានទម្ងន់ប្រមាណ ៤.០៤តោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។