ក្រោយដួលម៉ូតូជាបន្តបន្ទាប់លើស្ពានជ្រោយចង្វារទី១ អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋគោរពគន្លងផ្លូវធ្វើដំណើរ
រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃម្សិលមិញ បានធ្វើការអំពាវនាវមួយតាមរយៈបណ្តាញសង្គមរបស់ខ្លួនដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវស្ពានសាធារណៈ។
ការអំពាវនាវនេះ គឺកើតឡើងក្រោយពីអ្នកធ្វើដំណើរ ជាពិសេសអ្នកជិះម៉ូតូបានដួលជាច្រើនករណីនៅលើស្ពានជ្រោយចង្វារទី១ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន បន្ទាប់ពីត្រូវសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃទី៣ មេសា ម្សិលមិញ។
រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋគោរពតាមគន្លងធ្វើដំណើរដែលបានកំណត់រួច រួមមានគន្លងសម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង គន្លងសម្រាប់ម៉ូតូ និងគន្លងសម្រាប់យានជំនិះដទៃទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។
គួរបញ្ជាក់ថា ភាគច្រើននៃគ្រោះថ្នាក់នៅលើស្ពានជ្រោយចង្វារទី១កាលពីថ្ងៃម្សិលមិញនេះ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋអ្នកបើកបរម៉ូតូមិនបានគោរពគន្លងផ្លូវរបស់ខ្លួន ធ្វើការផ្លាស់គន្លងផ្លូវ ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់យ៉ាងដូចនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។