រដូវប្រាំង​មកដល់​ហើយ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្ការ​គ្រោះ​អគ្គិភ័យ​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​កាលពី​ល្ងាច​ថ្ងៃទី៣​ ​ខែមេសា​ ​បាន​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​ត្រូវ​ម្ចាស់ការ​ ​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ដើមចម​ ​ដែល​អាចប​ង្កើត​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា​ ​តាម​ការព្យាករណ៍​ឧតុនិយម​បាន​ឲ្យដឹង​ថា​ ​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​នឹង​ឡើង​កម្តៅ​រហូតដល់​លើស៤០អង្សា​រ​ ​ចាប់ពី​ពេលនេះ​តទៅ​ ​រហូតដល់​រយៈពេល​ប្រមាណ​ពីរ​ខែ​ទៅមុខ​ទៀត​ ​ដែល​ធ្វើឲ្យ​អ​កាស​ធាតុ​ក្តៅ​ស្ងួត​ហួតហែង​ ​ងាយ​បណ្តាល​ឲ្យ​កើត​គ្រោះ​អគ្គិភ័យ​។​

​អាស្រ័យហេតុ​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ដើមចម​នៃ​អគ្គិភ័យ​ដូចជា​ ​ភ្លើង​ចង្រ្កាន​ ​ភ្លើងចង្កៀង​ ​ភ្លើង​ធូប​-​ទៀន​ ​ការ​ដុត​សំរាម​ ​ដុត​ព្រៃ​ ​ចំការ​ ​វាលស្រែ​ ​ការ​បោះចោល​កន្ទុយបារី​ផ្តេសផ្តាស​ ​ការ​តភ្ជាប់​ ​ឬ​ប្រើ​ចរន្ត​អគ្គិសនី​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ ​ការ​ទុកដាក់​ប្រេងឥន្ធនៈ​ ​ឧស្ម័ន​ចំហេះ​ ​វត្ថុ​ងាយ​ឆេះ​ ​ឬ​ងាយ​ផ្ទុះ​ឆេះ​។​ល​។​ ​ដោយ​ត្រូវ​ពិនិត្យ​ឲ្យបាន​ហ្មត់ចត់​ ​បង្ការ​កុំ​ឲ្យ​មានការ​ឆេះ​រាលដាល​បង្កើត​ជា​គ្រោះ​អគ្គិភ័យ​ ​ដែល​ធ្វើឲ្យ​បាត់បង់​ទាំង​ទ្រព្យសម្បត្តិ​ ​និង​អាច​ដល់អាយុ​ជីវិត​។​

​ដោយឡែក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​កងកម្លាំង​មានសមត្ថកិច្ច​ទាំងអស់​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​ត្រៀម​រៀបចំ​ ​និង​ត្រូវ​រិះរក​មធ្យោបាយ​ឲ្យបាន​គ្រប់គ្រាន់​ក្នុង​ការ​បង្ការ​ ​ទប់ស្កាត់​ការ​កើតមាន​ជាយថាហេតុ​ ​នូវ​អគ្គិភ័យ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close