ADB​ ​ព្យាករណ៍​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំនេះ​ ​អាច​រក្សា​កំណើន៧ភាគរយ​ ​តែ​ឆ្នាំក្រោយ​អាច​នឹង​ធ្លាក់ចុះ​

យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(​ADB​)​ ​ដែល​ចេញផ្សាយ​ថ្ងៃទី៣​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​បាន​បង្ហាញថា​ ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​កើនឡើង​ប្រមាណ​ ​៧ភាគរយ​នៅ​ឆ្នាំនេះ​ ​និង៦,៨ភាគរយ​នៅ​ឆ្នាំក្រោយ​។​

​លោកស្រី​ ​Sunniya​ ​Durrani​-​Jamal​ ​នាយក​ ​ADB​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​មានប្រសាសន៍​ថា​ ​“​ប្រទេស​ ​កម្ពុជា​នឹង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​យ៉ាង​រឹងមាំ​ ​ក្នុងរយៈពេល​ពីរ​ឆ្នាំទៅ​មុខ​ ​បើ​ទោះជា​កំណើន​សេដ្ឋកិច្ច​ ​របស់​ប្រទេស​ឧស្សាហ​កម្ម​ធំៗ​ ​ចុះ​ខ្សោយ​ក៏ដោយ​។​ ​កត្តា​សំខាន់​មួយ​ដែល​អាច​ទាក់ទាញ​ ​និង​រក្សា​ឲ្យបាន​នូវ​កំណើន​ក្នុងរយៈពេល​វែង​ ​គឺ​កត្តា​គុណភាព​ធនធានមនុស្ស​របស់​កម្ពុជា​ ​ដែល​រួមបញ្ចូល​ទាំង​ជំនាញ​បច្ចេកទេស​ ​និង​ជំនាញ​វិជ្ជាជីវៈ​ដែល​អាច​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​”​។​

​យ៉ាងណាក៏ដោយ​ ​កំណើន​ទិន្នផល​ឧស្សាហកម្ម​ ​ទំនងជា​ថយ​ចុះពី​ប្រមាណ​ ​១០,៨ភាគរយ​ ​ក្នុង​ឆ្នាំ២០១៨​ ​មក​នៅ​ត្រឹម​ ​១០,១ភាគរយ​ ​ក្នុង​ឆ្នាំ២០១៩​។​ ​កំណើន​នៃ​វិស័យ​សេវាកម្ម​ ​នឹង​ថមថយ​បន្តិច​ពី​ ​៦,៩ភាគរយ​ ​កាលពី​ឆ្នាំមុន​ ​មក​ ​៦,៨ភាគរយ​ ​ក្នុង​ឆ្នាំ​ ​២០១៩​។​ ​វិស័យ​កសិកម្ម​ ​ត្រូវ​បាន​ព្យាករណ៍​ថា​ ​មាន​កំណើន​ប្រមាណ​ ​១,៧ភាគរយ​ ​ពោល​គឺ​ថយ​ចុះ​បន្តិច​ពី​ ​១,៨ភាគរយ​ ​កាលពី​ឆ្នាំមុន​។​ ​ឱនភាព​សារពើពន្ធ​ត្រូវ​បាន​ ​គ្រោងទុក​ ​ក្នុង​កម្រិត​ ​៤,៥ភាគរយ​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​ផ.ស.ស​)​ ​នៅ​ឆ្នាំនេះ​ ​បើ​ធៀប​នឹង​ ​៥,១ភាគរយ​ ​នៃ​ ​ផ.ស.ស​ ​ដែល​បាន​គ្រោងទុក​កាលពី​ឆ្នាំមុន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close