ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​រាលដាល​ដល់​កម្ពុជា​ហើយ​

​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ដែល​បាន​កំពុង​រាលដាល​ខ្លាំង​នៅ​ប្រទេស​វៀតណាម​ភាគ​ខាងជើង​ ​ឥឡូវនេះ​ត្រូវ​រក​ឃើញ​វត្តមាន​ជំងឺ​នេះ​នៅ​ស្រុក​អូរយ៉ាដាវ​ ​ខេត្តរតនគិរី​ ​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម​ ​ដោយ​វា​បាន​សម្លាប់សត្វ​ជ្រូក​ប្រមាណ​ជា៤០០ក្បាល​។​

​យោង​តាម​ប្រកាស​របស់ក្រ​សួង​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​ឲ្យដឹង​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នេះ​ ​ត្រូវ​គេ​រក​ឃើញ​នៅ​ភូមិ​សោម​កា​និញ​ ​ឃុំ​សោមធំ​ ​ស្រុក​អូរយ៉ាដាវ​ ​ខេត្តរតនគិរី​។​

​ជា​វិធានការ​បន្ទាន់​ ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ ​បានសម្រេច​ឲ្យ​បំផ្លាញ​ចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅតាម​វិធាន​បសុព្យាបាល​,​ ​ផ្អាក​ការទិញ​ ​ការ​លក់​ ​និង​ការ​ដឹកជញ្ជូន​សត្វ​ជ្រូក​ ​សាច់​ជ្រូក​ ​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ចូល​ ​ចេញ​ ​ឬ​ឆ្លងកាត់​ក្នុងរង្វង់​កាំ​ប្រវែង៣គីឡូម៉ែត្រ​ ​ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​ ​និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួតពិនិត្យ​ ​និង​តាមដាន​។​

​ក្នុង​នោះ​មន្រ្តី​ក៏​ត្រូវ​ឃ្លាំមើល​ចលនា​សត្វ​ជ្រូក​ ​សាច់​ជ្រូក​ ​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ជាប្រចាំ​ក្នុងរង្វង់​ដែល​មាន​កាំ​ប្រវែង១០គីឡូម៉ែត្រ​ ​ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​។​

​យ៉ាងណាក៏ដោយ​ ​ចំពោះ​ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នេះ​ ​លោក​ ​លី​ ​សុវណ្ណ​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ថា​ ​ជំងឺ​នេះ​មិន​ប៉ះពាល់​ ​និង​ឆ្លង​ដល់​មនុស្ស​ឡើយ​ ​ដោយ​វា​គ្រាន់តែ​បណ្តាល​ឲ្យ​ជ្រូក​ឈឺ​ ​និង​ងាប់​ក្នុង​អត្រា​ខ្ពស់​រហូតដល់១០០ភាគរយ​ ​ដែល​វា​បង្ក​ការខាតបង់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​តែប៉ុណ្ណោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close