ក្រសួងសុខាភិបាលណែនាំពីវិធានការ បង្ការបញ្ហាសុខភាពអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ
ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងឈានចូលមកដល់នៅពេលខាងមុខ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានចេញផ្សាយនូវវិធានការចំនួន១១ចំណុច ដើម្បីបង្ការករណីពុលអាហារ និងករណីពុលស្រា ខណៈដែលករណីពុលអាហារ កាលពីឆ្នាំ២០១៨ បានកើតឡើងចំនួន១៩លើក បណ្តាលឲ្យពុលមនុស្សចំនួន ៨៥២នាក់ ក្នុងនោះស្លាប់ចំនួន១៣នាក់ និងពុលស្រានៅឆ្នាំ២០១៨កើតឡើងចំនួន៥លើក ពុលមនុស្ស២០៦នាក់ ក្នុងនោះស្លាប់១២នាក់។
វិធានការទាំង១១ចំណុចនោះរួមមាន ៖
១.ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច។
២.ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ មុនពេលបញ្ចុកកូន និងក្រោយបន្ទោរបង់។
៣.អាហារត្រូវគ្របជានិច្ច ដើម្បីជៀសវាងរុយរោម។
៤. ពិនិត្យមើលចំណីអាហារដែលអាចនឹងជូរផ្អូម។
៥. លាងសំអាតបន្លែផ្លែឈើជាមួយទឹកស្អាតមុនបរិភោគ។
៦. សំអាតសម្ភារប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ។
៧. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។
៨. ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។
៩. កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង។
១០. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
១១. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ដែរថា បើបងប្អូនប្រជាពលរដ្ឋមានបញ្ហា នៃការពុលអាហារ ឬមានរោគសញ្ញានៃការពុលស្រាដូចជា ឈឺក្បាល ក្អួត, ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យ និងព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។