កម្ពុជាស្នើវៀតណាមបន្ថែមការផ្គត់ផ្គង់ថាមពលអគ្គិសនី
ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក LE BIEN CUONG ទីប្រឹក្សាពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមេសា លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានស្នើដល់ភាគីវៀតណាម សូមជួយគាំទ្រសំណើរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន៥០មេហ្គាវ៉ាត់បន្ថែមទៀតតាមច្រកចូវដុកដើម្បីដោះស្រាយនូវការខ្វះខាតនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានស្នើឲ្យវៀតណាមបន្កើនការទំលាក់ទឹក នៅតាមបណ្តាវារីអគ្គិសនីទាំង១៤ ផែ្នកខាងវៀតណាម ដើម្បីឲ្យវារីអគ្គិសនីសេសានក្រោម២ របស់កម្ពុជាអាចមានទឹកបន្ថែមក្នុងការបង្កើនការផលិតថាមពលអគ្គីសនី។
ជាការឆ្លើយតប លោកទីប្រឹក្សាពាណិជ្ជកម្ម បានស្វាគមន៍ ហើយនឹងធ្វើរបាយការណ៍ការស្នើសុំនេះទៅកាន់រដ្ឋាភិបាលវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។