អភិបាលរាជធានីភ្នំពេញរៀបចំសូត្រមន្តអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
នាល្ងាចថ្ងៃអង្គារ ទី០៩ ខែ មេសា ឆ្នាំ ២០១៩នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ រួមនឹងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា អនុសាខា អង្គភាពចំណុះសាខាជាច្រេីនរូប បានមូលមតិគ្នារៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៩អង្គ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ។
សូមបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក នៃសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញទាំងអស់ តែងតែរៀបចំពិធីនេះឡើងទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនានៃខ្មែរយើង នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មីនឹងឈានចូលមកដល់ ដើម្បីសុំសិរីសួស្តី ជ័យមង្គល សេចក្តីសុខចំរើនឲ្យកើតមានដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកទាំងអស់ និងម្យ៉ាងវិញទៀតដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យជូនចំពោះបុព្វការីជនមាន មាតាបិតា ជីដូជីតា ញាតិការទាំង៧សន្តាន និងវីរៈយុទ្ធជន វីរៈយុទ្ធនារីដែលបានបូជាជីវិតការពារជាតិមាតុភូមិ ព្រមទាំងជនរងគ្រោះដោយប្រការផ្សេងៗទាំងឡាយដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។