បន្ទាប់ពីស្ករផែនយក្ស នៅឆ្នាំក្រោយ បន្ទាយស្រីសង្រ្កាន្តគ្រោងធ្វើនំបញ្ចុកយក្ស
លោក ណុប វុធ្ធី អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងនៅក្នុងពិធីបិទបន្ទាយស្រីសង្ក្រាន្តកាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ថា បន្ទាប់ពីបន្ទាយស្រីសង្ក្រាន្តឆ្នាំនេះ ទទួលបានជោគជ័យ ឆ្នាំក្រោយរដ្ឋបាលស្រុកបន្ទាយស្រីសហការជាមួយក្រុមយុវជន និងរៀបចំបន្ទាយស្រីសង្ក្រាន្តបន្តទៀត ដោយមានគម្រោងធ្វើនំបញ្ចុកយក្ស បង្ហាញដល់ភ្ញៀវទេសចរ ព្រោះនំបញ្ចុកជា នំប្រចាំតំបន់ ព្រះដាក់ស្រុកបន្ទាយស្រី និងជួយលើកអាហារប្រចាំតំបន់មួយនេះឱ្យកាន់តែ មានភាពល្បីល្បាញ ជាមួយគ្នា ក៏និងមានកម្មវិធីប្លែកៗជាច្រើនទៀត ដែលនិងត្រូវបង្ហាញនៅក្នុងបន្ទាយស្រីសង្ក្រាន្តនៅឆ្នាំក្រោយ។
តាមការបញ្ជាក់របស់លោកអភិបាលស្រុក ការរៀបចំបន្ទាយស្រីសង្ក្រាន្តនេះឡើង គឺក្នុងគោលបំណងជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ដូចជាផ្តល់ឱកាសឱ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីសាសនា និងបន្តថែរក្សា កេរមរតកនេះឱ្យបានគង់វង្ស។ បំផុស គំនិតរួបរួមកម្លាំងសាមគ្គីភាព ខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតី អភិរក្សអភិវឌ្ឍន៍វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ និងផ្តល់ឱកាសឱ្យពាណិជ្ជករ អាជីវករ ចូលរួមតាំងបង្ហាញម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និងផលិតផល ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់។
លោកបានបន្តថា នៅក្នុងរយៈពេល៣ថ្ងៃ នៃបន្ទាយស្រីសង្ក្រាន្តនេះ គឺមានកម្មវិធីជាច្រើនដូចជា កម្មវិធីសាសនា កម្មវិធីល្បែងប្រជាប្រិយ កម្មវិធីសួនស្នេហ៍បន្ទាយស្រី ដែលក្រុមការងារបានយកត្រសក់ផ្អែមប្រមាណ៦០០ផ្លែ មកតុបតែងបង្ហាញពីភាពសម្បូរ បែប ផ្នែកកសិកម្មនៅក្នុងស្រុកបន្ទាយស្រី កម្មវិធីគង្គាបន្ទាយស្រី ការបង្ហាញស្ករផែនយក្ស ដើម្បី លើកស្ទួយផលិតផលស្ករត្នោត បង្ហាញដល់សាធារណជន និងភ្ញៀវជាតិ អន្តរជាតិ នៅស្រុក បន្ទាយស្រី ហើយស្ករផែននេះមានរស់ជាតិ ឈ្ងុយឆ្ងាញ់ មិនមានជាតិគីមី គឺធម្មជាតិ សុទ្ធសាធ។
ជាមួយគ្នានៅក្នុងរយៈពេល៣ថ្ងៃនៃបន្ទាយស្រីសង្ក្រាន្តនេះ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ២ម៉ឺននាក់បានមកចូលរួមកម្សាន្តសប្បាយរីករាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។