គាស់ផ្ទះទៀតហើយនៅសៀមរាប សមត្ថកិច្ចចាប់មិនដែលបាន
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជិត១១ព្រឹកថ្ងៃទី១៨ ខែមេសា ម្សិលមិញនេះ មានករណីគាស់ផ្ទះមួយកន្លែងនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយលួចយកអស់ទ្រព្យសម្បត្តិមួយចំនួនធំ។
តាមសេចក្តីរាយការណ៍ថា ជនសង្ស័យបានធ្វើសកម្មភាព ផ្លោះរបង ចូលក្នុងផ្ទះហើយយកឈើជ្រុង គាស់ចំរឹងបង្អួចផ្ទះ លួចយកចិញ្ជៀនពេជ្រ ខ្សែក មាស កុំព្យូទ័រ និងរបស់មានតម្លៃមួយចំនួនធំ ដោយសរុបជាទឹកប្រាក់អស់ប្រមាណ៦ម៉ឺន៥ពាន់ដុល្លារអាមេរិក រួចយកទៅបាត់ដោយសុវត្ថិភាព។
ករណីនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យ។
យ៉ាងណាក៏ដោយ បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋថា ករណីចោរគាស់ផ្ទះនេះ បានកើតឡើងជាញឹកញាប់នៅក្នុងក្រុងសៀមរាប ដោយគេពុំដែលឃើញសមត្ថកិច្ចចាត់វិធានការចាប់បានម្តងឡើយ។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋថា ជនសង្ស័យទាំងនោះ ពេលខ្លះតែងធ្វើសកម្មភាពដូចជាចូលទៅសួររកមនុស្សណាម្នាក់ រួចក៏សម្លឹកមើលរកផ្លូវ បន្ទាប់មកពួកគេក៏ធ្វើសកម្មភាពតែម្តង។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋស្នើសមត្ថកិច្ចសូមយកចិត្តទុកដាក់ចំពោះករណីចោរគាស់ផ្ទះនេះផង ដោយឥឡូវនេះពលរដ្ឋលែងហ៊ានទៅចោលផ្ទះហើយ ដោយខាតបង់ទាំងការរកស៊ីទៀតផង ព្រោះតែខ្លាចមានចោរចូលគាស់ផ្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។