ក្រសួងអប់រំចេញវិធានការទប់ស្កាត់បញ្ហាសុខភាពនៅតាមសាលារៀន ពេលអាកាសធាតុឡើងកម្តៅខ្លាំង
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានចេញ សេចក្តីណែនាំ ស្តីពីការថែរក្សាសុខភាព និងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង នៅតាមគ្រឹះស្ថានសិក្សា ទាំងរដ្ឋនិងឯកជន ស្របពេលដែលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាកំពុងឡើងកម្តៅខ្លាំង។
តាមការលើកឡើងរបស់ក្រសួងអប់រំ នៅពេលមានអាកាសធាតុក្តៅនេះ អាចបង្កហានិភ័យ ដល់សុខភាព ដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាគ ជំងឺកង្វះអាហារូបត្តម្ភ ឬក៏អាចមាន បញ្ហាសុខភាពផ្លូវចិត្តជាដើម។
ដូច្នេះក្រសួងអប់រំស្នើឲ្យអនុវត្តទាំងគ្នានូវវិធានការ ១៦ចំណុច ដើម្បីទប់ស្កាត់បញ្ហាសុខភាពនៅតាមសាលារៀន ពេលអាកាសធាតុ ឡើងកម្តៅខ្លាំងដូចជា៖
១.ត្រូវទទួលទានទឹក (ទឹកពុះ ទឹកបរិសុទ្ធ ទឹកចម្រោះ ទឹកស្អាត) ឱ្យបានញឹកញាប់ច្រើនជាងមុន និងកុំរង់ចាំដល់ពេលស្រេកទឹក
២.ត្រូវណែនាំសិស្សឱ្យយកទឹកមកពីផ្ទះ (ទឹកដាំពុះ ទឹកសុទ្ធ ទឹកចម្រុះ ទឹកស្អាត)
៣.រក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងគ្របឱ្យជិត ដើម្បីបង្ការមូសខ្លាពងដាក់ដែលអាចបង្កជំងឺគ្រុនឈាម
៤.តាមដានព័ត៌មានអំពីអាកាសធាតុ ដើម្បីរៀបចំសកម្មភាពត្រឹមត្រូវ
៥.ត្រូវប្រកាន់ខ្ជាប់នូវក្បួនអនាម័យល្អ ហូបស្អាត ស្អាត រស់នៅស្អាត
៦.ត្រូវប្រើប្រាស់សម្លៀកបំពាក់សមរម្យ រលុង ស្តើង ស្រាល នឹងមានពណ៌ភ្លឺ (ស, លឿង បៃតងខ្ចី ។ល។)
៧.ចៀសវាងធ្វើលំហាត់ប្រាណនៅក្រោមកំដៅថ្ងៃខ្លាំង
៨.ត្រូវពាក់មួកការពារ ឬប្រើប្រាស់ឆ័ត្រ ក្នុងអំឡុងពេលធ្វើដំណើរ
៩.វបើកទ្វារ បង្អួចនៃបន្ទប់រៀន ឱ្យបានស្រឡះល្អ
១០.ត្រូវចៀសវាង ពិសារកាហ្វេ និងគ្រឿងស្រវឹង
១១.ត្រូវណែនាំសិស្សឱ្យលេងក្នុងម្លប់ ឬនៅក្នុងបន្ទប់រៀន នៅពេលចេញលេង
១២.ត្រូវបន្តដាំ និងថែរក្សាដើមឈើដែលមានស្រាប់នៅក្នុងបរិវេណគ្រឹះស្ថាន ដើម្បីយកម្លប់ និងកាត់បន្ថយកំដៅ
១៣.ត្រូវមានទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ផឹក និងទឹកសម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សា
១៤.ត្រូវអប់រំផ្សព្វផ្សាយវិធានការនេះ ដល់បុគ្គលិកអប់រំ និងអ្នកសិក្សាទាំងអស់បន្ទាន់។
១៥.ក្នុងករណីមានជំងឺរាតត្បាត ឬហានិភ័យសុខភាព ដែលបណ្តាលមកពីការឡើងកំដៅសូមរាយការណ៍ និងស្វែងរកសេវា សុខភាព នៅជិតបំផុត តាមរយៈសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងទៅលេខ១១៥ ដើម្បីដោះស្រាយ ជាបន្ទាន់។
១៦.សូមអនុវត្តសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការបង្ការជំងឺបណ្តាលមក ពីអាកាសធាតុក្តៅខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។