រថយន្តទួរីសបុកបង្គោលភ្លើងនៅខេត្តព្រះសីហនុ ស្លាប់២នាក់ របួស១០នាក់
ផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅម៉ោងប្រមាណ ៦នាទី ថ្ងៃសុក្រ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវបេតុង ត្រង់ចំណុច ជិតរោងចក្រទឹកកកអូរពីរ ស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយបណ្តាលឲ្យមនុស្សស្លាប់ចំនួន២នាក់ និងរបួសប្រមាណ១០នាក់។
ករណីនេះបង្កដោយខ្លួនឯង គឺរថយន្ត១គ្រឿងម៉ាក SSANGYON ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2Q-8694 អ្នកបើកបរឈ្មោះ អិត វិន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ រថយន្តជួគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានអ្នករួមដំណើរចំនួន២១នាក់ស្រី៥នាក់ (អ្នករួមដំណើរទាំងអស់មានទីលំនៅភូមិតាសាល ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មុខរបរកម្មករសំណង់)។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រថយន្តជួបគ្រោះចរាចរណ៍ខាងលើនេះ មានទិសដៅចុះចំណោទ ពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តហ្រ្វាំងមិនស៊ី ក៏បានជ្រុលទៅបុករបងផ្ទះ របស់ប្រជាពលរដ្ឋសង់នៅអមសងខាងផ្លូវបេតុង និងបុកបង្គោលភ្លើងអស់១ដើមផង។
តាមរបាយការណ៍ របស់ស្នងការនគរបាលខេត្តព្រះសីហនុ បង្ហាញថា តុល្យការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបណ្ដាលឲ្យស្លាប់មនុស្សចំនួន ២នាក់ស្រីម្នាក់ (រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោយមកស្លាប់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។