អ្នកជំនាញអំពាវនាវឱ្យរាជរដ្ឋាភិបាលដំឡើងពន្ធលើថ្នាំជក់បន្ថែមទៀត ដើម្បីកាត់បន្ថយអ្នកស្លាប់ដោយសារប្រើប្រាស់ថ្នាំជក់
អ្នកជំនាញផ្នែកសុខភាព បានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាដំឡើងពន្ធលើផលិត ផលថ្នាំជក់បន្ថែម ដើម្បីកាត់បន្ថយអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ និងអ្នកស្រូបយក ផ្សែងបារីពីគេ។ ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងសន្និសីទមួយនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
លោក យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ លើកឡើងថា ការដំឡើងពន្ធថ្នាំជក់ឱ្យខ្ពស់ គឺជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់ មិនត្រឹម តែអាចកាត់បន្ថយចំនួនអ្នកជក់បារីប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលក៏បានចំណូលកាន់តែច្រើន ពីការដំឡើងពន្ធនេះផងដែរ។ ចំណែកលោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខ ភាពកម្ពុជា មានប្រសាសន៍ថា កម្ពុជាអាចទទួលបានផលប្រយោជន៍សុខភាពសាធារណៈ បានលុះត្រាតែពន្ធលើផលិតផលថ្នាំជក់ក្នុងកម្រិតអតិផរណាណាមួយជាក់លាក់បំផុត។
លោកបន្តថា តាមការអង្កេតលើមតិយុវជននៅឆ្នាំ២០១៨ បានបង្ហាញថា យុវជនភាគ ច្រើននឹងឈប់ទិញបារីជក់ បើតម្លៃបារីឡើងដល់ ១ម៉ឺនរៀល ក្នុង១កញ្ចប់ ខណៈដែល បច្ចុប្បន្នបារីខ្លះតម្លៃត្រឹតតែ ២ពាន់រៀលប៉ុណ្ណោះ។ លោកបន្ថែមថា ការប្រើប្រាស់ថ្នាំជក់នៅតែ ជាមូលហេតុចម្បង ដែលបណ្តាលឱ្យស្លាប់។ តាមការអង្កេតរបស់ក្រុមជំនាញផ្នែកសុខភាព នៅកម្ពុជា ប្រជាពលរដ្ឋប្រមាណ ១០០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំបណ្តាល មកពីជំងឺដែល បង្កដោយការប្រើប្រាស់ថ្នាំជក់ ខណៈដែលការព្យាបាលជំងឺ ទាំងនេះត្រូវចំណាយខ្ពស់។
ជាមួយគ្នានេះដែរលោក Ulysses Dorotheo នាយកប្រតិបត្តិសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់ អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា គោលនយោបាយពន្ធលើថ្នាំជក់របស់កម្ពុជា ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយ ពុំទាន់ឆ្លើយតបទាំងស្រុងចំពោះការកាត់បន្ថយការ ប្រើប្រាស់ថ្នាំជក់នៅ ឡើយទេ។
លោកបន្តថា កម្ពុជាហូតពន្ធតែ ២៥ភាគរយ ទៅ៣០ភាគរយ បើធៀបនឹងតម្លៃ លក់រាយ នៃផលិតផលថ្នាំជក់ ហើយកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាពន្ធលើ ថ្នាំជក់ទាបជាងគេបំផុត នៅក្នុងបណ្តាប្រទេសអាស៊ាន។ ច្បាប់ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ត្រូវបានអនុម័តនៅឆ្នាំ២០១៥ ចង្អុលបង្ហាញ វិធានការសំខាន់ៗ ពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់ និងការកាត់បន្ថយតម្រូវការថ្នាំជក់ រួមទាំងវិធាន ការពន្ធដារផងដែរ ដោយសមស្របណាមួយនឹងអនុសញ្ញា ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ២០០៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។