ក្រសួង​ការបរទេស​ ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​ ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ​ ​អោង​ ​សាន​ស៊ូ​ជី​ ​ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា​ ​មកកាន់​ប្រទេស​កម្ពុជា​សប្តាហ៍​ក្រោយ​

​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​បាន​ឲ្យដឹង​ ​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ ​នា​ព្រឹក​ថ្ងៃទី២៦​ ​មេសា​ ​នេះ​ថា​ ​តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​,​ ​លោកជំទាវ​ ​អោង​ ​សាន​ស៊ូ​ជី​ ​(​Aung​ ​San​ ​Suu​ ​Kyi​)​ ​ទីប្រឹក្សា​រដ្ឋ​ ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ ​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ ​នៅ​កម្ពុជា​ ​រយៈពេល៣ថ្ងៃ​នៅ​សប្តាហ៍​ក្រោយនេះ​ ​ពោល​គឺ​ចាប់ពី​ថ្ងៃទី២៩​ ​ខែមេសា​ ​ដល់​ថ្ងៃទី០១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​ក្រសួង​ការបរទេស​បាន​ឲ្យដឹង​ថា​ ​អំឡុង​ពេល​ទស្សនកិច្ច​នេះ​ ​លោកជំទាវ​ ​អោង​ ​សាន​ស៊ូ​ជី​ ​នឹង​ចូល​បង្គំ​គាល់​ ​ព្រះករុណា​ ​ព្រះបាទ​ ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សម្តេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនីនាថ​ ​សីហនុ​ ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​។​

​ក្នុង​នោះ​លោកជំទាវ​ ​ក៏​នឹង​ចូល​ជួប​សម្តែង​ការគួរសម​ជាបន្តបន្ទាប់​ ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ​ ​ឈុំ​ ​ប្រធាន​ព្រឹទ្ធសភា​ ​និង​សម្តេច​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​ប្រធាន​រដ្ឋសភា​ ​ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ផង​ដែរ​ ​មុននឹង​អញ្ជើញ​ដាក់​កម្រងផ្កា​ ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ​ ​និង​ព្រះ​បរម​រតន​កោដ្ឋ​ ​អតីត​ព្រះមហាក្សត្រ​កម្ពុជា​។​ ​ហើយ​នៅ​ចុងបញ្ចប់​ ​នៃ​ដំណើរ​ទស្សនកិច្ច​ ​លោកស្រី​ ​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​មួយចំនួន​ ​នៅ​ខេត្តសៀមរាប​។​

​បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ ​លោកជំទាវ​ ​អោង​ ​សាន​ស៊ូ​ជី​ ​នៅ​កម្ពុជា​ ​នេះ​ ​នឹង​ពង្រឹងពង្រីក​ថែមទៀត​ ​នូវ​ចំណងមិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ ​ព្រមទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ ​និង​ពហុភាគី​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close