ឯកសារចំនួន ៦ ត្រូវបានចុះហត្ថលេខាក្រោយជំនួបទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន
បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីដែលបានចំណាយពេលប្រមាណ២៥នាទី រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់រដ្ឋទៀវអ៊ីថាយ ក្នុងទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនរួចមក ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ចិន បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ផងដែរ។
ឯកសារសំខាន់ៗទាំងនោះរួមមាន៖ ទី១. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ ចុះហត្ថលេខារវាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ ឯកឧត្តម ចាង យុង អនុប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន។
ទី២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ចុះហត្ថលេខារវាង ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ទី៣. អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន ចូលទីផ្សារចិន ចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ លោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO របស់ប្រទេសចិន។
ទី៤. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចុះហត្ថលេខារវាង ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម លីវ លានកី ប្រធានធនាគារចិន។
ទី៥. ផែនការសកម្មភាព ស្តីពីការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន ចុះហត្ថលេខារវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន។
ទី៦. កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាហិរញ្ញប្បទានឥតសំណង ចុះហត្ថលេខារវាងឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិឌ្ឍន៍អន្តរជាតិ របស់ប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។