រក​ឃើញ​ផូស៊ីល​ដែល​បញ្ជាក់​ថា​ ​កាលពីមុន​ខេត្តមណ្ឌលគិរី​ ​គឺជា​សមុទ្រ​

​តាមរយៈ​ការស្រាវជ្រាវ​ ​និង​របក​គំ​ហើញ​ថ្មី​ៗ​នេះ​ដែល​ធ្វើឡើង​ដោយក្រុម​ការងារ​ផ្នែក​បេតិកភណ្ឌ​និង​បុរាណវិទ្យា​ក្រសួងបរិស្ថាន​ ​ដោយ​សហការ​ជាមួយនឹង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ ​បាន​ចុះទៅ​ពិនិត្យមើល​ស្លាកស្នាម​ ​និង​សំណល់​ផូស៊ីល​ ​នៅ​ចំណុច​ភ្នំ​ពីរ​ ​ឋិត​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​កោះញែក​ ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ ​បង្ហាញ​ឲ្យ​ឃើញ​ពី​វត្តមាន​បន្សល់ទុក​នូវ​សំណល់​ផូស៊ីល​សត្វ​សមុទ្រ​ជាច្រើន​ប្រភេទ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ដ៏​មាន​សក្ដានុពល​មួយ​នេះ​។​

​បើ​តាម​លោក​ ​កែវ​ ​សុភ​គ៌​ ​ប្រធានមន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ ​បាន​លើកឡើង​ថា​ ​រូបភាព​ដ៏​គួរឲ្យ​ទាក់ទាញ​នៃ​ផូស៊ីល​បាន​បង្ហាញ​អំពី​ស្លាកស្នាម​សត្វ​ដែល​រស់នៅ​ក្នុង​បាតសមុទ្រ​ ​ដូចជា​ ​ខ្យង​ ​លៀស​ ​មឹក​សមុទ្រ​.​.​.​។​ល​។​ ​លោក​បញ្ជាក់​ថា​ ​ក្រៅពី​ធន​ធន​ធម្មជាតិ​និង​សត្វព្រៃ​ដ៏​សម្បូរ​បែប​ ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ ​ក៏​ជាទី​តាំង​ប្រវត្តិ​សាស្រ្ត​នៃ​កំណើត​សត្វ​មានជីវិត​រាប់​សិប​លាន​ឆ្នាំមុន​ផង​ដែរ​។​

ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ​នេះ​លោក​ ​នេត្រ​ ​ភក្រ្តា​ ​រដ្ឋលេខាធិការ​ ​និង​ជា​ ​អ្នកនាំពាក្យ​បរិស្ថាន​ ​បាន​ថ្លែង​ឲ្យដឹង​ថា​ ​ក្រសួងបរិស្ថាន​ ​នឹង​បន្ត​សិក្សា​ស្រាវជ្រាវ​ចងក្រង​ឯកសារ​ស៊ីជ្រៅ​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​សំណាក​ផូស៊ីល​ទាំងនេះ​ ​ក៏ដូចជា​ទាក់ទង​នឹង​ប្រវត្តិ​សាស្រ្ត​នៃ​តំបន់​នោះ​ឱ្យ​បាន​លម្អិត​សម្រាប់​ផ្តល់​ព័ត៌​មា​បន្ថែម​ដល់​សាធារណជន​ ​ក៏ដូចជា​ខិតខំ​ប្រែង​ប្រែង​សិក្សា​ ​អភិរក្ស​តំបន់​ប្រវត្តិ​សាស្រ្ត​នោះ​ ​ដើម្បី​បន្ត​រក្សាទុក​ជា​កេរ​តំណែ​ល​ ​និង​អាច​ជា​រំ​ណី​យ​ដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ប្រវត្តិ​សា​ស្រ្ត​ផ្សេង​ៗ​។​ ​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​លោក​ ​នេត្រ​ ​ភក្រ្តា​ ​បាន​បញ្ជាក់​ថា​ ​ផូស៊ីល​ទាំងអស់​នេះ​គឺជា​ស្លាកស្នាម​ប្រវត្តិ​សាស្រ្ត​ដ៏​មាន​សារៈសំខាន់​ ​ក៏ដូចជា​ការ​ផ្តល់​នូវ​របកគំហើញ​ថ្មី​ ​និង​ព័ត៌មាន​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​ភពផែន​ដី​ ​ជាពិសេស​ដែនដី​ខេត្តមណ្ឌលគិរី​នៃ​ប្រទេស​កម្ពុជា​។​ ​

​ផូស៊ីល​គឺជា​សំណល់​ ​ឬ​ស្លាកស្នាម​នៃ​រុក្ខជាតិ​ ​និង​សត្វ​ដែល​កប់​ក្នុង​សិលា​កម្ទេចកំណ​។​ ​ផូស៊ីល​ភាគច្រើន​គឺជា​សត្វ​រស់នៅ​ក្នុង​បាតសមុទ្រ​។​ ​ផូស៊ីល​ផ្តល់​ព័ត៌មាន​អំពី​ទម្រង់​ជីវិត​សម័យ​ដើម​ ​និង​របៀបរស់នៅ​របស់​ពួកវា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close