ទីក្រុងហុងកុង ចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រងស្លាកលេខពិសេសដល់មន្រ្តីកម្ពុជា
លោក សួន វ៉ាន់ហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកកម្ពុជា នៅដើមសប្តាហ៍នេះ បានដឹកនាំគណៈប្រតិភូមួយក្រុមទៅជួបពិភាក្សាជាមួយនឹងលោក Reginald CHAN អនុប្រធាននៃគណៈកម្មការគ្រប់គ្រង និងចេញអាជ្ញាបណ្ណយានយន្តហុងកុង ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៅក្នុងការគ្រប់គ្រងយានយន្ត ការចេញអាជ្ញាបណ្ណឲ្យយានយន្តអាចធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈ ការស្នើសុំចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន និងការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ។
នៅក្នុងជំនួបពិភាក្សានោះ រដ្ឋបាលនៃទីក្រុងហុងកុងក៏បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាលិខិតបទដ្ឋានពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ជុំវិញការលក់លេខចុះបញ្ជីយានយន្ត និងការអនុវត្តច្បាប់រឹតបន្តឹងទៅលើការគ្រប់គ្រងអាជ្ញាបណ្ណរបស់យានយន្តផងដែរ ។
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធបានរៀបចំនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងចេញផ្លាកលេខយានយន្ត និងកំពុងរៀបចំនីតិវិធីស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីផ្តល់សុពលភាពក្នុងការអនុវត្តប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ។
លេខពិសេសផ្ទាល់ខ្លួននេះមានលក្ខណៈពិសេសបន្ថែមដូចខាងក្រោម៖
១- លេខពិសេសផ្ទាល់ខ្លួនអនុញ្ញាតអក្សរឡាតាំង និងលេខមិនលើសពី៨ខ្ទង់ ដើម្បីផ្តល់ជម្រើសសំបូរបែបជូនប្រជាពលរដ្ឋ
២- ម្ចាស់យានយន្តអាចរក្សាទុកលេខរថយន្តពេលដែលរថយន្តត្រូវបានលក់ និងផ្ទេរកម្មសិទ្ធិទៅឱ្យបុគ្គលទី២
៣- លេខពិសេសផ្ទាល់ខ្លួនមួយចំនួននឹងត្រូវបានដាក់ដេញថ្លៃ ដើម្បីជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធជូនរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។