កម្ពុជា​អាច​នាំចេញ​ចេកអំបូង​លឿង​ដោយ​ផ្ទាល់​ទៅកាន់​ប្រទេស​ចិន​ ​មិនបាច់​ឆ្លងកាត់​ប្រទេស​វៀតណាម​ទៀត​ទេ​

​បន្ទាប់ពី​មានការ​ចុះ​ពិធីសារ​រវាង​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​អគ្គ​រដ្ឋបាល​គយ​ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ស្តី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ចេក​ទៅកាន់​ប្រទេស​ចិន​ ​កាលពី​ខែសីហា​ ​ឆ្នាំ២០១៨​ ​និង​បន្ទាប់ពី​មាន​សារ​ពីអ​គ្គ​រដ្ឋបាល​គយ​ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ចុះ​ថ្ងៃទី២៨​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ឥឡូវនេះ​ ​ក្រុមហ៊ុន​ដាំចេក​អំបូង​លឿង​របស់​កម្ពុជា​ ​អាច​នាំចេញ​ចេក​ប្រភេទ​នេះ​ ​ទៅកាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​បាន​ហើយ​។​

​តាម​សេចក្តី​ជូនដំណឹង​របស់​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ចេញផ្សាយ​កាលពី​ថ្ងៃទី២៩​ ​ខែមេសា​ ​បាន​បញ្ជាក់​ថា​ ​ការនាំចេញ​ចេកអំបូង​លឿង​ទៅកាន់​ប្រទេស​ចិន​ ​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការនាំចេញ​ ​ត្រូវ​រៀបចំ​សំបក​វេច​ខ្ចប់​ឲ្យបាន​ត្រឹមត្រូវ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ដែល​មាន​ចែង​ក្នុង​ពិធីសារ​។​ ​ក្នុង​នោះ​ ​ត្រូវ​មាន​ ​ឈ្មោះ​ក្រុមហ៊ុននាំចេញ​,​ ​ឈ្មោះ​ផលិតផល​,​ ​លេខ​កូដ​ចុះបញ្ជី​កសិដ្ឋាន​,​ ​លេខ​កូដ​ចុះបញ្ជី​ទីតាំង​វេច​ខ្ចប់​,​ ​និង​ប្រទេស​ប្រភព​ដើម​ផលិតផល​ជាដើម​។​

ជាមួយគ្នា​ក្រុមហ៊ុននាំចេញ​ក៏​ត្រូវ​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ច្បាប់ដើម​ភ្ជាប់​មក​ជាមួយ​នៅពេល​នាំចេញ​មួយ​លើ​កៗ​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន៥ប៉ុណ្ណោះ​ ​ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​នាំចេញ​ចេក​ទៅកាន់​ប្រទេស​ចិន​ ​រួមមាន​ ​១​.​ក្រុមហ៊ុន​ ​Longmat​ ​Agriculture​,​ ​២​.​ក្រុមហ៊ុន​ ​Long​ ​Sreng​ ​Hua​ ​Jian​ ​Agriculture​ ​Development​,​ ​៣​.​ក្រុមហ៊ុន​ ​Green​ ​Island​ ​Agriculture​ ​Development​,​ ​៤​.​ក្រុមហ៊ុន​ ​Sovann​ ​Reachsey​ ​និង​ ​៥​.​ក្រុមហ៊ុន​ ​Grand​ ​Land​ ​Agriculture​ ​Development​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close