កម្ពុជានឹងមានជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វទំហំលើផ្ទៃដី១០០ ហិកតានៅខេត្តសៀមរាប
គម្រោងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ ជាការវិនិយោគរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium) គ្រោងនឹងធ្វើឡើងលើផ្ទៃដី១០០ហិកតា នៅក្នុងខេត្តសៀមរាប។
ចំពោះទំហំវិនិយោគសរុបរបស់សម្រាប់គម្រោងនេះមាន៣ដំណាក់កាល នឹងមានចំនួនស្មើនឹង ៧០លានដុល្លារសហរដ្ឋអាមេរិកដោយការចំណាយក្នុងដំណាក់កាលដំបូងស្មើនឹង១៨លានដុល្លារសហរដ្ឋអាមេរិក ដោយការសាងសង់ក្នុងដំណាក់កាលទី ១ នឹងប្រើពេល២ឆ្នាំ ដោយមានការបើកការដ្ឋាននៅក្នុងខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់ត្រឹមខែឧសភា ឆ្នាំ២០២១។
សម្រាប់ គោលដៅរបស់គម្រោងនេះ គឺធានាថា វានឹងក្លាយជាគោលដៅទាក់ទាញបំផុតទី២ បន្ទាប់ពី អង្គរវត្ត។ នេះបើតាមការលើកឡើងរបស់ លោក Roger R. Reynolds សមាជិកក្រុមប្រឹក្សា ភិបាល និងប្រធានក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀមក្នុងពិធីបើកសម្ពោធការ ចាប់ផ្ដើមការសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ផ្ទះលេខ៩៦ មហាវិថី ព្រះនរោត្ដម រាជធានីភ្នំពេញ។
លោក Roger R. Reynoldsបានបន្ថែមថា គម្រោងនេះគឺមានច្រើនលើសពីត្រឹមជាជលវប្បដ្ឋាន ឬឧទ្យានសត្វទៅទៀត។ ជាមួយគ្នានេះ ក្រុមលោកនឹងកសាងជម្រកធម្មជាតិប្រកបដោយគុណភាពខ្ពស់សម្រាប់ថែរក្សាសត្វព្រៃរស់នៅលើគោក ក្នុងតំបន់អាស៊ី មិនថាពួកគេជាពូជសង្រ្គោះ ឬបង្ឃាំងទុកនោះទេ។ លោកបានបន្ថែមថា គម្រោងនឹងមានសួនរុក្ខសាស្រ្ត សាលតាំងពិព័រណ៍ ជម្រកល្មូន និងគំរូភូមិនេសាទខ្មែរដែលភ្ញៀវអាចដើរកម្សាន្ដ ទិញទំនិញ ឬរីករាយទទួលទានម្ហូបអាហារ និងភេសជ្ជៈក្នុងស្រុកមួយចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។