សម្តេច ស ខេង ចេញទៅបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅសាធារណរដ្ឋកូរ៉េ
តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។
យោងតាមកម្មវិធីដែលបានគ្រោងទុក នៅក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ជីន យុង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ អំពីការលើកកម្ពស់សមត្ថភាពមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ ការដកបទពិសោធន៍ការងារសុវត្ថិភាពចរាចរណ៍ ការប្រឆាំងភេវរកម្ម និងការអភិវឌ្ឍសមត្ថភាពមន្រ្តីនគរបាលជាតិ។
ដោយឡែក ក្រៅពីជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង ក៏នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើទស្សនកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន និងមជ្ឈមណ្ឌល E-Government នៃសាធារណរដ្ឋកូរ៉េដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។