ជ្រូកនៅតែមានការលួចនាំចូលពីវៀតណាម បើទោះមានបំរាមរបស់ក្រសួង
ខេត្តតាកែវ ៖ ទោះបីមានការហាមឃាត់ពីក្រសួងកសិកម្ម ដោយមិនឲ្យមានការនាំជ្រូកពីវៀតណាមចូលមកលក់នៅលើទីផ្សារកម្ពុជា ដើម្បីបង្ការការកើតជំងឺប៉េស្តជ្រូកអាហ្រិ្វកនោះ ក៏នៅតែមានការលួចនាំជ្រូកចូលពីវៀតណាមដដែល ដែលតាមសេចក្តីរាយការណ៍ថា បានចូលជ្រូកនេះ គេធ្វើឡើងតាមផ្លូវទឹក រួចផ្ទេរដាក់រថយន្តនៅភូមិព្រៃឈើទាល ឃុំព្រៃផ្តៅ ស្រុកទ្រាំង ខេត្តតាកែវ ដោយក្នុង១សប្តាហ៍១ជើងទៅ២ជើង។
ប្រជាពលរដ្ឋបានឲ្យដឹងថា ការលួចនាំជ្រូកចូលនេះភាគច្រើននៅពេលទឹកជោរ រួចមកដល់កំពង់ព្រៃផ្តៅលើកដាក់រថយន្ត ហើយដឹកយកមកកាប់សាច់បន្លំចូលលក់ដោយបន្លំថា ជាជ្រូកក្នុងស្រុក ។ ពួកគាត់និយាយទៀតថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមឈ្មួញខិលខូចលួចនាំជ្រូកពីវៀតណាមចូល រីឯមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ពិសេសខាងពេទ្យសត្វនៅតែទប់ស្កាត់មិនបាន។
កាលពីដើមខែមេសាកន្លងទៅ លោក អ៊ូច ភា អភិបាលខេត្ត បានធ្វើការប្រជុំបន្ទាន់មួយ ដោយដាក់គោលការណ៍យ៉ាងតឹងរឹុងចំពោះអភិបាលស្រុកណាដែលមានជ្រូកនាំចូលពីប្រទេសវៀតណាម ដោយព្រមានថាអាចដកចេញពីមុខតំណែងទៀតផង ។ ពលរដ្ឋទាំងនោះចោទជាសំណួរថា ឥឡូវនេះមានការលួចនាំជ្រូកពីវៀតណាមចូលមកលក់បន្លំជាជ្រូកក្នុងស្រុកហើយ តើនឹងត្រូវធ្វើបែបណា ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។