Facebook ចេញមុខងារថ្មីសម្រាប់អ្នកនៅលីវ
ណាត់ជួបគ្នាតាម Online ជាអ្វីដែលអ្នកនៅលីវប្រាថ្នាចង់បាន ឥឡូវមានហើយ Facebook សូមបំពេញបំណងរបស់អ្នក។ ដោយមុខងារឲ្យឈ្មោះ Dating ។
Facebook Dating អាចអនុញ្ញាតឲ្យអ្នកស្វែងរកគូគាប់តាមរយៈបណ្តាញសង្គមយក្សមួយនេះ ដោយផ្អែកតាមចំណង់ចំណូលចិត្ត, មិត្តភាពស្គាល់បន្តគ្នា (Mutual Friends) និងការចាប់អារម្មណ៍លើមាតិកាតែមួយ។
មុខងារថ្មីនេះបានដាក់ដំណើរការចាប់ពីថ្ងៃនេះនៅក្នុងប្រទេសហ្វីលីពីន, វៀតណាម, សិង្ហបុរី, ម៉ាឡេស៊ី, ឡាវ, ប្រេស៊ីល, ប៉េរូ, ឈីលី, បូលីវី, អេក្វាទ័រ, ប៉ារ៉ាហ្គាយ, អ៊ុយរុយហ្គាយ, ហ្គូយ៉ាណា និង ស៊ូរីណាម។ ប្រទេសដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៃមុខងារនេះមានដូចជាកូឡុំប៊ី, ម៉ិកស៊ីកូ, ថៃ, អាហ្សង់ទីន និងកាណាដា ហើយសហរដ្ឋអាមេរិកនឹងមានប្រើចុងឆ្នាំនេះ។
Dating” នេះ នឹងដំណើរការដូចខាងក្រោម៖
#១. បង្កើត Profile ថ្មីដោយប្រើតែឈ្មោះ (មិនប្រើត្រកូល)។ Profile ថ្មីនេះ នឹងមិនបង្ហាញដល់មិត្តភ័ក្ដិដែលមានលើ Profile ដើម ឬ អ្នកប្រើប្រាស់ដែលមិនប្រើមុខងារ Dating នេះទេ ហើយក៏មិនបង្ហាញលើ News Feed ដែរ។
#២. អ្នកអាចចាប់ផ្ដើមស្វែងរក Event នៅក្នុងតំបន់រស់នៅ និង ស្វែងរក Group ដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក។ អ្នកអាចចុចលើពាក្យ ”Unlock” ដើម្បី Unlock Profile ឲ្យអ្នកដទៃបានឃើញ ដើម្បីចាប់ផ្ដើមដំណើរការស្វែងរកស្នេហ៍។ ពេលចុច Unlock ហើយ អ្នកក៏អាចឃើញ Profileដែលបាន Unlock ដទៃទៀតដែរ។
#៣. អ្នកអាចចូលមើល Profile របស់អ្នកដែលបាន Unlock Profile ដែលមានរូបភាពខ្លះៗ រួមទាំងព័ត៌មានមួយចំនួន។ អ្នកនឹងបានឃើញ Profile ដែលបង្ហាញចេញមកផ្អែកលើចំណង់ចំណូលចិត្តស្រដៀងគ្នា ឬ មានមិត្តភ័ក្ដិដូចគ្នា។
#៤. ប្រសិនបើអ្នកទាំងពីរចាប់អារម្មណ៍គ្នា អ្នកនឹងអាចចាប់ផ្ដើមធ្វើការសន្ទនាគ្នា តាមរយៈប្រអប់សារមួយ ដែលស្ថិតនៅដាច់ដោយឡែកពី Messenger ឬ WhatsApp។ ដើម្បីសុវត្ថិភាព អ្នកអាចត្រឹមផ្ញើសារឆ្លើយឆ្លងជាអក្សរប៉ុណ្ណោះ មិនអាចផ្ញើរូបភាព ឬ វីដេអូបាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។