ទាស់គ្នារឿងស៊ីផ្លេ មន្ត្រីក្រសួងមហាផ្ទៃម្នាក់ដកកាំភ្លើងបាញ់៥គ្រាប់ ផ្អើលសមត្ថកិច្ចខណ្ឌច្បារអំពៅទាំងកណ្តាលយប់
ប្រហែលដោយសារតែរឿងស៊ីផ្លេឡានដាក់គ្នា ធ្វើឲ្យមន្រ្តីក្រសួងមហាផ្ទៃម្នាក់ រួមទាំងបក្ខពួកបានដកកាំភ្លើងខ្លីរបស់ខ្លួនបាញ់ប្រហារទៅលើប្តីប្រពន្ធមួយគូ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ច នៃអធិការនគរបាលខណ្ឌច្បារអំពៅទាំងកណ្តាលយប់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវ៣៦៣ កែងនិងផ្លូវលេខ៦២៨ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បុរសរងគ្រោះដែលត្រូវជនបង្កដកកាំភ្លើងបាញ់ប្រហារ៥គ្រាប់ខាងលើមានឈ្មោះ ភូរីស្ស ស្តូរ៉ាន់ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងប្រពន្ធមានឈ្មោះ តាំង សុខឡេង អាយុ៣១ឆ្នាំ មុខរបបបុគ្គលិក ណាហ្គវើល ស្នាក់នៅជាមួយគ្នា ។
ចំណែកជនបង្កមានឈ្មោះ ដួង ណាគ្រី អាយុ៤៧ឆ្នាំ មានមុខងារជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ943 ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់មកអធិការខណ្ឌច្បារអំពៅ ភ្លាមៗ ។
យោងតាមសម្ដីបុរសរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្រពន្ធ បានបើករថយន្តម៉ាក RANGE ROVER ពណ៌កណ្ដុលប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2U- 4448 ចេញពីហូបអីនៅម្ដុំផ្សារដើមគរ ហើយក៏ត្រឡប់មកផ្ទះវិញនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ខណះរូបគាត់បើករថយន្តមកដល់មុខអតីតក្លឹបកម្សាន្ត រ៉ុក ក៏ស្រាប់តែមានជនបង្ក២នាក់ បើករថយន្តមួយគ្រឿងម៉ាក LEXLIS RX350 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-5153 មកពីក្រោយ ហើយចុចស៊ីផ្លេខ្លាំងៗ ពេលនោះគាត់បានបន្ថយល្បឿនឈប់សួរថា មានរឿងអី ? រីឯជនបង្កឆ្លើយថា អញចាប់ហែង..! រួចជនរងគ្រោះក៏ឆ្លើយតបវិញថា ខ្ញុំខុសអី?...។
បន្ទាប់មក ជនបង្កបានឲ្យជនរងគ្រោះបើករថយន្តមកអធិការខណ្ឌច្បារអំពៅ រីឯជនរងគ្រោះក៏សុខចិត្តបើករថយន្តមកមុន ខណះជិតដល់របងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅទៅហើយ ស្រាប់តែជនបង្កម្នាក់ចុះមកបាញ់ប្រហាទៅលើជនរងគ្រោះទាំងមិនទាន់ឈប់រថយន្ត ចំកញ្ចក់ពីក្រោយរថយន្ត RANGE ROVER ចំនួន៥គ្រាប់ ធ្វើឲ្យកញ្ចក់រថយន្តបែកធ្លុះធ្លាយ និងបណ្ដាលឲ្យស្ត្រីជាប្រពន្ធភ័យសន្លន់ស្លោរហូតដល់សន្លប់បាត់ស្មារតី ។ រួចហើយជនបង្កក៏បានបើករថយន្តចេញពីកន្លែងកើតហេតុ តែមួយសន្ទុះក្រោយមកក៏ត្រឡប់មកវិញ។
ភ្លាមៗនោះ ដោយទីតាំងកើតហេតុក្បែរនិងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទើបធ្វើឲ្យសមត្ថកិច្ចចេញមកអន្តរាគមន៍នាំខ្លួនជនបង្កទាំង២នាក់ចូលទៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសួរនាំតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។