មនុស្សជិត៣០០នាក់ត្រូវចាប់ខ្លួន នៅក្នុងហិង្សា នៃបាតុកម្មទិវាពលកម្មអន្តរជាតិ នាទីក្រុងប៉ារីស
បាតុកម្មជាប្រពៃណីក្នុងទិវាពលអន្តរជាតិ នាទីក្រុងប៉ារីសប្រទេសបារាំង ដែលប្រព្រឹត្តទៅកាលពីថ្ងៃពុធម្សិលម៉ិញនេះ បានធ្លាក់ទៅក្នុងអំពើហិង្សាទៀតហើយ ក្នុងឱកាសដែល ក្រុមពាក់ម៉ាសមុខ បានប៉ះទង្គិចជាមួយនឹងប៉ូលីសប្រឆាំងកុបកម្ម ។ ការប៉ះទង្គិចនេះបានបង្កឱ្យប៉ូលីសយ៉ាងតិចណាស់៣នាក់រងរបួស ហើយមនុស្សជិត៣០០នាក់ ត្រូវចាប់ខ្លួន នេះបើតាមការឱ្យដឹងពីសារព័ត៌មានក្នុងតំបន់។
ជនដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ គ្របមុខជិត ជាច្រើននាក់បានប្រមូលផ្តុំគ្នានៅពីមុខក្រុមបាតុករដែលឋិតនៅលើដងវិថី Montparnasse នៃទីក្រុងប៉ារីស ក្នុងឱកាសដែល ដំណើរការបាតុកម្មបានចាប់ផ្តើមនៅម៉ោង ២និង៣០នាទីរសៀល។ ពួកគេទាំងនោះ បានគប់ដុំថ្ម និង ដបទឹកទៅប៉ូលីសប្រឆាំងកុបកម្មហើយថែមទាំងបានគប់កញ្ចក់រថយន្តទៀតផង។
ក្រុមទាំងនោះដែលគេហៅឈ្មោះថា ប្លុកខ្មៅ បានដើរសំដៅទៅកាន់ប៉ូលីសកុបកម្ម និងបាន ស្រែកពាក្យស្លោកប្រឆាំងនឹងមូលធននិយម។ចំណែកក្រុមប៉ូលីសបានបាញ់ឧស្មន័បង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។
បើតាមទីបញ្ជាការប៉ូលីសទីក្រុងប៉ារីស បានឱ្យដឹងថា មនុស្សប្រមាណ២៨៨នាក់ ត្រូវចាប់ខ្លួននៅម៉ោង៥ល្ងាច ក្នុងនោះមនុស្ស២២០នាក់ នៅជាប់ឃុំឃាំងនៅឡើយ ដោយទទួលរងការចោទប្រកាន់ពីបទ ធ្វើសកម្មភាពហិង្សា និងបង្កការបំផ្លិចបំផ្លាញ។
ក្នុងឱកាសដែល អំពើហិង្សាអាចនឹងកើនឡើង ប៉ូលីសក្នុងតំបន់បានអំពាវនាវឱ្យបាតុករដែលមានបំណងធ្វើបាតុកម្មដោយសន្តិភាព ចេញឱ្យឆ្ងាយពីក្រុមកុបកម្ម ដែលបានអំពាវនាវលើបណ្តាញសង្គមថា ធ្វើឱ្យទីក្រុងបារីសក្លាយជាទីក្រុងកុបកម្ម។
អាជ្ញាធរក៏បានអំពាវនាវឱ្យហាងទំនិញ ភោជនីយដ្ឋាន និងហាងកាហ្វេនានាដែលឋិតនៅលើដងផ្លូវដែលមានការប្រមូលផ្តុំតវ៉ា បិទទ្វារនាល្ងាចថ្ងៃពុធ ដោយសារតែមានការភយ័ខ្លាចថា នឹងមានការលួចឥវ៉ាន់ ពេលក្រុមបាតុករគប់កញ្ចក់ហាង។
សូមបញ្ជាក់ថា ដោយមានការសម្របសម្រួលពីសហជីពកម្មករដ៏ធំនៅក្នុងប្រទេស ការតវ៉ាមានរហូតដល់ទៅជាង២០០កន្លែងជុំវិញប្រទេសបារាំង ដែលក្នុងនោះមានអ្នកចូលប្រមាណា ១៥ម៉ឺន១ពាន់នាក់។ ចំពោះតែនៅទីក្រុងប៉ារីសមានបាតុករប្រមាណ១ម៉ឺន៦ពាន់នាក់ នេះបើយោងតាមការឱ្យដឹងពីការប៉ាន់ប្រមាណរបស់ក្រសួងមហាផ្ទៃប្រទេសបារាំង ។ក៏ប៉ុន្តែបើតាមតួលេខដែលផ្តល់ដោយសហជីពកម្មករ CGT វិញថានៅទីក្រុងប៉ារីសមានបាតុករដល់ទៅ៨ម៉ឺននាក់ និងជុំវិញប្រទេសមានដល់ទៅ៣១ម៉ឺននាក់ឯណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។