ស្រ្ដីជនជាតិវៀតណាមជាប់ចោទពីបទសម្លាប់មនុស្សត្រូវបានដោះលែងហើយ
តុលាការ នៃប្រទេសម៉ាឡេស៊ី សម្រេចដោះលែង ចេញពីពន្ធនាគារ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ហើយនេះគឺជាការបញ្ចប់ដំណើរការនីតិវិធី លើករណីឃាតកម្មមួយនេះ បើទោះជារងនូវការរិះគន់ថា ឃាតកពិតប្រាកដ មិនដែលប្រឈមមុខនឹងការកាត់ទោសយ៉ាងណាក៏ដោយ ។ លោកគីម ជុងណាម គឺជាបងប្រុស (ឪពុកតែមួយ ម្តាយទីទៃ)របស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។
លោក Hisyam Tek Poh Teik មេធាវីការពារក្តីឲ្យនាង Doan Thi Huong បានប្រាប់ភ្នាក់ងារសារព័ត៌មានថា កូនក្តីរបស់គាត់ ត្រូវបានដោះលែង ចេញពីពន្ធនាគារមួយ នៅខាងក្រៅទីក្រុង កូឡាឡាំពួរ នៅវេលាម៉ោងប្រហែល៧ និង២០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ។ រហូតមកដល់ពេលនេះ មានរថយន្តមួយគ្រឿងបានមកដឹកនាងចេញពីពន្ធនាគារទៅបាត់ហើយ។
ការដោះលែងនេះ បន្ទាប់ពីសវនាការ កាលពីខែមុន បានសម្រាលទោសនាង មកត្រឹម«បង្ករបួសស្នាម»វិញ លើឃាតកម្ម កាលពីឆ្នាំ២០១៧ ទៅលើលោក គីម ជុងណាម ។ ករណីរបស់នាង បានធ្វើឲ្យរំជើបរំជួល ផ្តោតការយកចិត្តទុកដាក់ និងតាមដាន ពីជុំវិញពិភពលោក។
នៅមុននោះប៉ុន្មានសប្តាហ៍ នាង Siti Aisyah ជនជាតិឥណ្ឌូនេស៊ី ដែលរងការចោទប្រកាន់ថា ជាឃាតកផងដែរនោះ ត្រូវបានតុលាការ នៃប្រទេសម៉ាឡេស៊ីលើកលែងការចោទប្រកាន់ ហើយនាងបានវិលត្រឡប់ទៅស្រុកកំណើតរបស់នាងវិញហើយដែរ។
នៅក្នុងសវនាការ ទាំងស្ត្រីជនជាតិវៀតណាម និងជនជាតិឥណ្ឌូនេស៊ី បានបដិសេធថា ពួកនាងមិនបានសម្លាប់មនុស្សទេ ហើយថាពួកនាង ត្រូវបានគេល្បួងឲ្យក្លាយជាកូនអុក នៅក្នុងករណីសម្លាប់បងប្រុសរបស់លោកគីម ជុងអ៊ុន ដោយប្រើសារធាតុអាវុធជីវសាស្ត្រ nerve នៅឯអាកាសយានដ្ឋានទីក្រុងគួឡាឡាំពួរ នោះ។ ឃាតកពិតប្រាកដ ត្រូវគេអះអាងថា បានភៀសខ្លួន ចេញពីប្រទេសម៉ាឡេស៊ី ភ្លាមៗ ក្រោយពេលមានអំពើឃាតកម្មកើតឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។