ឆេះរោងម៉ាស៊ីនភ្លើងភោជនីយដ្ឋានអាប៉ូឡូប្លាស្សានៅខេត្តសៀមរាបយប់មិញ ផ្អើលភ្ញៀវ និងម្ចាស់ដើមការរត់ចែកជើងគ្នា
រោងម៉ាស៊ីនភ្លើងចំនួន២របស់ភោជនីយដ្ឋានអាប៉ូឡូប្លាស្សា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោងប្រមាណ៨ និង២០នាទីយប់ថ្ងៃទី៥ ខែឧសភា ម្សិលមិញ ដោយផ្តើមពីការផ្ទុះបំពង់ស៊ីម៉ាំងម៉ាស៊ីនភ្លើង។
តាមប្រភពពីសន្តិសុខរបស់ភោជនីយដ្ឋានអាប៉ូឡូប្លាស្សាបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅអគារA របស់ភោជនីយដ្ឋាន មានពិធីជប់លៀងអាពាហ៍ពិពាហ៍មួយ ។ លុះដល់ម៉ោងកើតហេតុខណៈដែលភ្ញៀវកំពុងសប្បាយរីករាយ ស្រាប់តែដាច់ចរន្តអគ្គិសនី និងឃើញមានបែកផ្កាភ្លើងចេញពីបំពង់ស៊ីម៉ាំងម៉ាស៊ីនភ្លើង ហើយក៏ផ្តើមចេញជាអគ្គិភ័យសន្ធោរសន្ធៅតែម្តង។
យ៉ាងណាក៏ដោយ ករណីនេះ គេឃើញមានការចុះទៅជួយអន្តរាគមន៍ដោយផ្ទាល់ពីលោកអភិបាលខេត្តសៀមរាប និងដឹកនាំផ្ទាល់ដោយលោកស្នងការនគរបាលខេត្តសៀមរាបផងដែរ។
លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាឡានទឹកជាច្រើនគ្រឿង ដើម្បីពន្លត់អគ្គីភ័យនេះ ប៉ុន្តែដោយសារនៅជិតម៉ាស៊ីនភ្លើងនេះមានស៊ីទែនសាំងរហូតដល់៥ពាន់លីត្រ បណ្តាលឲ្យឆេះខ្លាំងហើយពិកបាកក្នុងការពន្លត់ តែសមត្ថកិច្ចបានបាញ់ទឹកអស់ជាច្រើនឡាន និងប្រើពេលអស់ប្រមាណ១ម៉ោងទើបពន្លត់អគ្គីភ័យនេះបានរលត់ទាំងស្រុងវិញ។
លោកទិត្យ ណារ៉ុង ឲ្យដឹងថា ករណីអគ្គីភ័យនេះគឺឆាបឆេះតែម៉ាស៊ីនភ្លើង និងរោងដាក់ម៉ាស៊ីនភ្លើងនោះតែប៉ុណ្ណោះ វាមិនបានឆេះរាលដាដល់កន្លែងផ្សេងឬបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ។
តាមរបាយការណ៍របស់សមត្ថកិច្ច ករណីអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិសរុបប្រមាណ៨ម៉ឺនដុល្លារអាមេរិក។
ដោយឡែកដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន១៤គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន២៤ឡាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។