ជនជាតិចិន ​បាញ់សម្លាប់​ជនជាតិ​ចិន​គ្នា​ឯង​ទម្លាក់​ពីលើ​រថយន្ត​នៅ​ខេត្ត​ព្រះសីហនុ​

​ខ្មាន់​កាំភ្លើង​បាន​បាញ់សម្លាប់​ជនជាតិ​ចិន​ម្នាក់​ ​ទម្លាក់​ពីលើ​រថយន្ត​ ​ខណៈ​ដែល​កំពុងតែ​ធ្វើដំណើរ​តាមផ្លូវ​ ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត៤​ ​រសៀល​ថ្ងៃទី០៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​ ​ឃាតករ​បាន​ជិះរថយន្ត​គេចខ្លួន​បន្ទាប់ពី​ធ្វើសកម្មភាព​រួច​។​ ​ករណី​ឃាតកម្ម​ដ៏​សាហាវ​នេះ​ ​បាន​កើតឡើង​នៅ​ចំណុច​មុខ​សណ្ឋាគារ​ ​និង​កាស៊ីណូ​ ​វិមាន​ខ្សាច់​សរ​ ​ភូមិ៤​ ​សង្កាត់​លេខ៤​ ​ក្រុង​ខេត្ត​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​នៅ​វេលា​ម៉ោង​ ​១៥​:​៥០នាទី​ ​ថ្ងៃទី០៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​មាន​ករណី​ឃាតកម្ម​មួយ​នៅ​ចំណុច​ ​ក្រុម១៧​ ​ភូមិ៤​ ​សង្កាត់៤​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​(​លើ​ផ្លូវ២៣តុលា​)​ ​បង្កឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​ ​ជិះរថយន្ត​ម៉ាក​ ​Hightlander​ ​ពណ៌ខ្មៅ​ ​ស្លាក​លេខ​ ​ភ្នំពេញ​ ​2K​-​3970​ ​បាន​ដឹក​ជនរងគ្រោះ​ជនជាតិ​ចិន​ ​មិន​ស្គាល់​អត្តសញ្ញាណ​ ​ភេទប្រុស​អាយុ​ ​ប្រហែល​ ​៤០ឆ្នាំ​ជាង​ ​ចេញពី​សណ្ឋាគារ​ ​និង​កាស៊ីណូ​ ​វិមាន​ខ្សាច់​សរ​ ​ទិសដៅ​ចេញពី​វិមាន​ខ្សាច់​សរ​ ​ឆ្ពោះទៅ​ទិសខាងកើត​ ​ប្រហែល៣០ម៉ែត្រ​ ​ក៏​បាញ់​ជនរងគ្រោះ​ចំក្បាល​ ​ខាងក្រោយ​គុំ​ត្រចៀក​ខាងស្តាំ​ធ្លាយ​មក​ខាងឆ្វេង​ ​រួច​ទំលាក់​ពីលើ​រថយន្ត​ ​ហើយ​បើកឡាន​គេច​ ​យក​ទៅ​ប្លុង​ចោល​នៅ​ចំណុច​ភូមិ៣​ ​សង្កាត់៤​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​។​

​របាយការណ៍​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ប៉ូលិស​ឃាត់​ជនសង្ស័យ​ចំនួន២នាក់​ ​ជា​ជនជាតិ​ចិន​ ​យក​ទៅ​សាកសួរ​ ​ព្រមទាំង​រថយន្ត​ជិះ​ធ្វើសកម្មភាព​។​ ​ចំណែក​សាកសព​ ​ត្រូវ​បាន​យក​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក​ខេត្ត​ព្រះសីហនុ​។​ ​ករណីនេះ​កម្លាំង​ជំនាញ​កំពុង​សហការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ដែល​នៅ​សេសសល់​ ​ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាមច្បាប់​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close