ក្រសួងអប់រំផ្តល់អាហារូបករណ៍ដល់សិស្សពិការភាពឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រឥតគិតថ្លៃ
សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់សិស្សមានពិការភាព (ពិការអវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក...) ឱ្យទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា ១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលបានផ្តល់អាហារូបករណ៍ ដូចមានចែងក្នុងកូនសៀវភៅកម្រងព័ត៌មានអាហាររូបករណ៍ សម្រាប់ឆ្នាំ ២០១៩-២០២០ មួយកន្លែងដោយស្វ័យប្រវត្តិ លើមុខជំនាញណាដែលមិនទាមទារការប្រឡង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ចុះកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ និងទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៧ ខែឧសភានេះ។
ក្រសួងបញ្ជាក់ថា ដើម្បីទទួលបានអាហាររូបករណ៍នេះ បេក្ខជនត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩។ បេក្ខជនអាចទៅទទួលសំណុំពាក្យសុំពីវិទ្យាល័យដែលកំពុងសិក្សា និងត្រូវដាក់ពាក្យនៅតាមវិទ្យាល័យរបស់ខ្លួន យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។