រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឲ្យម្ចាស់ខ្សែកាប្លិ៍រុះរើបណ្តាញរបស់ខ្លួនដែលដាក់នៅលើដងផ្លូវ
រដ្ឋបាលធានីភ្នំពេញបានជូនដំណឹងដល់ម្ចាស់ខ្សែកាប្លិ៍អាកាសទាំងអស់ប្រញាប់ចំរុះរើចេញ នៅលើកំណាត់ផ្លូវទាំង១៧ក្នុងរយៈពេល១៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ដើម្បីឲ្យអាជ្ញាធររៀបចំលើកកម្ពស់សោភណភាពនិងសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងនិងស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញប្រាប់ឲ្យម្ចាស់អាជីវកម្ម អង្គភាពរដ្ឋ និង បណ្តាក្រុមហ៊ុនឯកជនទាំងអស់ ប្រញាប់រួសរាន់រៀបចំរុះរើខ្សែកាប្លិ៍ចេញ ដើម្បីរៀបចំសណ្តាប់ធ្នាប់នោះមាន៖ ផ្លូវក្រមួនស (ផ្លូវលេខ ១១៤) , វិថីព្រះអង្គឌួង (ផ្លូវលេខ១១០) , វិថីព្រះស៊ីសុវត្ថិ , វិថីប៉ាស្ទ័រ (ផ្លូវលេខ ៥១) ,មហាវិថី សម្តេចសុធារស ,មហាវិថីហ្សាដឺហ្គោល ,មហាវិថីមុនីរ៉េត (ផ្លូវលេខ២១៧) ,មហាវិថីនេរុហ៍(ផ្ឡូវ លេខ២១៥) ,ផ្លូវឧកញ្ញាទេពផន (ផ្លូវលេខ ១៨២) ,ផ្លូវឧកញ្ញាឃ្លាំងមឿន (ផ្លូវលេខ៧០ ផ្លូវលេខ ២៧៣) ,ផ្លូវ១៩៨៦ ,ផ្លូវ២០០៤ ,មហាវិថីមិត្តភាពភ្នំពេញ ហាណូយ (ផ្លូវ១០១៩) ,មហាវិថីយោ ធពលខេមរភូមិន្ធ (ផ្លូវ២៧១) ,ផ្លូវចោមចៅ ,កំណាត់ផ្លូវជាតិលេខ២ (ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ) ។
សេចក្តីជូនដំណឹងរបស់ ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យម្ចាស់អាជីវកម្ម អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជនទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលប្រព្រឹត្តខុស ដែលធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។