កាកបាទក្រហមកម្ពុជា ទទួលបានថវិកាសរុបជិត២១លានដុល្លារ ក្នុងខួបលើកទី១៥៦
ក្នុងឱកាសអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា នាព្រឹកនេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាសរុបបឋមពីសប្បុរសជនសម្រាប់ឆ្នាំ២០១៩ មានចំនួនជាង ២០,៧៥លានដុល្លារ (២០ ៧៥៧ ៥១០ ដុល្លារ)។
សូមជម្រាបថា ពិធីនេះ ធ្វើឡើងក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា I Love Red Cross» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ទន្ទឹមនឹងការប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាហើយនោះ ក៏មានការអបអរខួប១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។
ទិវានេះ ត្រូវបានប្រារព្ធឡើងដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀងគររកមូលនិធិដើម្បីបន្ដប្រតិបត្ដិការសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
តាមរបាយការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតចំនួន ១៣៩ ១១៣គ្រួសារ។ ក្នុងនោះប្រជាពលរដ្ឋរងគ្រោះ ១០៣ ៣៣២គ្រួសារ និងងាយរងគ្រោះបំផុតចំនួន ៥៤ ៣៣៨គ្រួសារ ព្រមទាំងប្រជាពលរដ្ឋ ដែលទទួលសេវាកម្មមនុស្សធម៌ផ្សេងទៀតជាង ១០ម៉ឺនគ្រួសារ។
លើសពីនោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ផ្ទះដល់ចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយកូនច្រើនបានចំនួន ១៦៧ខ្នងផ្ទះ, ផ្តល់អណ្តូងទឹកស្អាត ១៣៩អណ្ដូង, បង្គន់អនាម័យ ៤៥៣បង្គន់, ផ្តល់ស៊ីទែនទឹកចល័តចំនួន៤, ផ្តល់ទូកសហគមន៍ចំនួន៤ និងផ្តល់រទេះរុញដល់ជនពិការ ចំនួន៥៥០គ្រឿង។
ថវិកាសប្បុរសធម៌នេះ ក្រៅពីជួយដល់ជនរងគ្រោះបណ្តាលមកពីគ្រោះធម្មជាតិ និងបញ្ហាផ្សេងៗនោះ កាកបាទក្រហមកម្ពុជាបានយកថវិកាប្រមាណ ១លានដុល្លារ ក្នុង១ឆ្នាំឧបត្ថម្ភទៅមន្ទីរពេទ្យគន្ធបុប្ផាផង ចាប់តាំងពីឆ្នាំ២០១២មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។