សមយុទ្ធ​ ​”​ហនុមាន​មាស​ ​២០១៩​”​ ​បិទ​បញ្ចប់​ដោយ​ជោគជ័យ​

​សមយុទ្ធ​ ​”​ហនុមាន​មាស​ ​២០១៩​”​ ​រយៈពេល៥ថ្ងៃ​ ​នៅ​លើ​ទីលាន​បាញ់​គ្រាប់​ពិត​តេជោ​សែន​ជុំ​គិរី​ ​ខេត្តកំពត​ ​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ ​និង​រលូន​តាម​ផែនការ​ ​នៅ​ថ្ងៃទី០៨​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​។​

​លោក​ ​ឈុំ​ ​សុជាត​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យដឹង​ថា​ ​ជោគជ័យ​សម្រាប់​សមយុទ្ធ​ ​”​ហនុមាន​មាស​ ​២០១៩​”​ ​នេះ​ ​គឺ​កើតឡើង​ដោយសារ​កត្តា២យ៉ាងនោះ​ ​គឺ​បញ្ជាការ​របស់​យើង​បាន​រៀបចំផែនការ​ប្រយុទ្ធ​បាន​ល្អ​ ​ហើយ​កម្លាំង​សមយុទ្ធ​របស់​យើង​ ​ក៏បាន​អនុវត្ត​តាម​ផែនការ​ ​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​។​

​ក្នុង​សមយុទ្ធ​ ​”​ហនុមាន​មាស​ ​២០១៩​”​ ​៥ថ្ងៃ​មកនេះ​ ​មាន​កម្លាំងយោធា​ចូលរួម​ចំនួន​ ​២៣៣២នាក់​ ​មក​ពី​អង្គ​ភាព​ផ្សេង​ៗ​នៃ​កងទ័ពជើងគោក​។​ ​អាវុធយុទ្ធភណ្ឌ​ដែល​ប្រើ​ក្នុង​សកម្មភាព​សមយុទ្ធ​នោះ​ ​រួមមាន​រថក្រោះ​,​ ​រថពាសដែក​,​ ​ឧ​ត្ថ​ម្ភា​ចក្រ​,​ ​ត្រូ​ន​ ​រួម​ទាំង​កាំភ្លើង​ត្បាល់120mm​ ​ផង​ដែរ​។​

​អ្នកនាំពាក្យ​បាន​បញ្ជាក់​ជាថ្មី​ថា​ ​”​ហនុមាន​មាស​ ​២០១៩​”​ ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​ ​ចំណេះដឹង​ ​បណ្តា​ជំនាញ​ដល់​ ​នាយទាហាន​ ​នាយទាហានរង​ ​និង​ពលទាហាន​ ​នៃ​កងទ័ពជើងគោក​ ​ក្នុង​កិច្ចការពារ​បូរណភាពទឹកដី​ ​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​។​ ​សមយុទ្ធ​នេះ​ក៏​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​ ​ក្រោយពី​ធ្វើការ​ហ្វឹកហ្វឺន​តាម​បណ្តាសា​លា​ ​និង​កងឯកភាព​រួច​ផង​ដែរ​។​ ​មួយវិញទៀត​ ​សមយុទ្ធ​ហនុមាន​មាស​ ​នឹង​ជួយ​លើកកម្ពស់​សមត្ថភាព​ ​គុណភាព​ ​ផ្តល់​ចំណេះដឹង​ការងារ​សេនាធិការ​ ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ដល់​កម្មសិក្សា​ ​នាយទាហាន​សេនាធិការ​ ​ក្នុង​ការ​សហការ​រវាង​ប្រភេទ​ទ័ព​ ​និង​ទ័ព​ជំនាញ​ ​ក្នុង​ពេល​ហ្វឹកហ្វឺន​ ​ក៏​ដូច​ក្នុង​ពេល​ប្រយុទ្ធ​ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close