រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​អគុណ​ធនាគារពិភពលោក​ ​ដែល​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​

​រាជធានី​ភ្នំពេញ​ ​៖​ ​ក្នុង​ឱកាស​ជួប​ជាមួយ​លោកស្រី​ ​Aparna​ ​Subramani​ ​នាយក​ប្រតិបត្តិ​នៃ​ធនាគារពិភពលោក​ ​កាលពី​រសៀល​ថ្ងៃទី៩​ ​ឧសភា​ ​ម្សិលមិញ​ ​លោក​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារពិភពលោក​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​ ​ពិសេស​វិស័យ​កសិកម្ម​នេះ​តែម្តង​។​

​លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ ​ធនាគារពិភពលោក​ ​បាន​ជួយ​កម្ពុជា​ពី​ប្រទេស​ដែល​ខ្វះ​ស្បៀង​សម្រាប់​ប្រជាជន​ ​មក​ជា​ប្រទេស​ដែល​មាន​អតិរេក​ស្បៀង​ ​និង​ផលិត​ផលិតផល​កសិកម្ម​ដើម្បី​ធ្វើការ​នាំចេញ​។​ ​តែ​យ៉ាងណា​ ​វិសាលភាព​នៃ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​នៅ​មិនទាន់​អស់​សក្តា​នុ​ពល​នោះ​ទេ​ ​ដោយ​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ក្រសួង​ ​និង​វិស័យ​កសិកម្ម​ទាំងមូល​កំពុង​ជួបប្រទះ​ដូចជា​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ ​ធនធានមនុស្ស​ ​នៅ​មានកម្រិត​ ​ដោយ​មិនទាន់​ឆ្លើយតប​បាន​គ្រប់ជ្រុងជ្រោយ​នៅឡើយ​។​ ​បញ្ហា​ទាំងអស់​នេះ​ ​ជា​កត្តា​មួយ​សំខាន់​នាំឲ្យមាន​ការ​ប៉ះពាល់​ដល់​ការ​បំពេញ​ខ្សែ​ច្រវាក់​តម្លៃបន្ថែម​ផលិតកម្ម​កសិកម្ម​ ​និង​ភាព​ប្រកួតប្រជែង​។​

​ជា​ការ​ឆ្លើយតប​ ​លោកស្រី​ ​Aparna​ ​Subramani​ ​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ដែល​តែងតែ​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ពេញលេញ​ជាមួយ​ធនាគារពិភពលោក​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​។​

​លោកស្រី​ក៏បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​បញ្ហា​ប្រឈម​ដែល​លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ខាងលើ​ ​ដោយ​បញ្ជាក់​ថា​ ​ក្រុមការងារ​របស់​ធនាគារពិភពលោក​នឹង​យក​ទៅ​ពិនិត្យ​ ​និង​រក​ការ​ជួយ​គាំទ្រ​ផង​ដែរ​។​ ​ហើយ​លោកស្រី​ជឿជាក់​ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​ប្រសើរ​រវាង​ក្រសួង​និង​ធនាគារពិភពលោក​ត្រូវ​បាន​ពង្រឹង​ ​និង​ពង្រីក​ថែម​មួយ​កម្រិត​ទៀត​តាមរយៈ​ជំនួប​នេះ​៕​ ​ST​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close