«ស្ករត្នោតកំពង់ស្ពឺ» ទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញពីសហគមន៍អឺរ៉ុបជាផ្លូវការ
បន្ទាប់ពីបានទទួលការចុះបញ្ជីការពារ នៅសហគមន៍អឺរ៉ុប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នោះមក សហគមន៍អឺរ៉ុប កាលពីថ្ងៃទី៩ ខែឧសភា ម្សិលមិញនេះ បានប្រគល់វិញ្ញាបនបត្រ នៃការចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជាផ្លូវការ ជូនលោក សម សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ នៅក្នុងសណ្ឋាគារ Raffles Hotel Le Royal។
សូមបញ្ជាក់ថា ក្រោយពី “ស្ករត្នោតកំពង់ស្ពឺ” និង “ម្រេចកំពត” ទទួលបានការចុះបញ្ជីការពារក្នុងកម្រិតជាតិ កាលពីឆ្នាំ២០១០ ផលិតផលសម្គាល់ភូមិសាស្ត្រទាំងពីរនេះ ជាផលិតផលដែលមានប្រភពផ្សារភ្ជាប់នឹងដែនដី កត្តាធម្មជាតិ និងវិធីសាស្ត្រផលិត ជាប្រពៃណីដែលបានសិក្សា និងកំណត់។ ស្ថិតក្រោមប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់ ទើប “ស្ករត្នោតកំពង់ស្ពឺ” និង “ម្រេចកំពត” មានគុណភាព ចរិតលក្ខណៈពិសេស និងកេរ្តិ៍ឈ្មោះល្បី ទាំងក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិ។ “ស្ករត្នោតកំពង់ស្ពឺ” មិនត្រឹមតែសម្រាប់ប្រើប្រាស់ធ្វើម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែវាមានកម្រិតជាតិផ្អែមទាប ដែលអាចទ្រទ្រង់សុខភាព និងរក្សាភាពក្មេងខ្ចីរបស់មនុស្សបានល្អប្រសើរឡើង។
ដោយសារតែភាពល្បីទាំងនេះហើយ ទើប “ស្ករត្នោតកំពង់ស្ពឺ” និង “ម្រេចកំពត” ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ ហើយលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមពង្រីកកិច្ចការពារ នៅក្នុងប្រទេសវៀតណាម ថៃ និងសហគមន៍អឺរ៉ុប ដើម្បីទទួលបាននូវកិច្ចការពារតាមផ្លូវច្បាប់ឲ្យបានរឹងមាំ ក្នុងករណីមានការក្លែងបន្លំ។ រីឯអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសនោះ អាចជួយចាត់វិធានការទប់ស្កាត់បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។