គយ​ចល័ត​តំបន់៣​ ​បន្ត​ចាប់​រថយន្ត​ចង្កូត​ឆ្វេង​អត់​ពន្ធ១គ្រឿង​ទៀត​

​កាលពី​ថ្ងៃទី១០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​សមត្ថកិច្ច​គយ​ចល័ត​ស្រាវជ្រាវ​ ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់៣​ ​ផ្លូវជាតិ​លេខ៤​ ​នៃ​អគ្គនាយក​ដ្ឋាន​ ​គយ​និង​រដ្ឋាករ​កម្ពុជា​ ​សហការ​ជាមួយ​មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​ព្រមទាំង​កម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ ​បាន​ឃាត់​ចាប់​រថយន្ត​ទំនើប​ចង្កូត​ឆ្វេង​មួយ​គ្រឿង​ទៀត​គ្មាន​ពន្ធ​នាំចូល​ ​ក្នុង​ក្រុង​ព្រះសីហនុ​។​

​ករណី​បង្ក្រាប​ចាប់​ឡាន​គ្មាន​ពន្ធ​នេះ​ដឹកនាំ​ដោយ​លោក​ ​កែវ​ ​អង្កាម​ ​ប្រធាន​គយ​ចល័ត​ស្រាវជ្រាវ​ ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់៣​ ​ផ្លូវជាតិ​លេខ៤​ ​នៃ​អគ្គនាយក​ដ្ឋាន​ ​គយ​និង​រដ្ឋាករ​កម្ពុជា​។​ ​នេះ​បើ​តាម​មន្ត្រី​គយ​ដែល​ចុះ​ចាប់​ផ្ទាប់​បាន​បញ្ជាក់​អោយ​ដឹង​។​

មន្ត្រី​គយ​បាន​បញ្ជាក់​បន្ត​ថា​ ​រថយន្ត​ទំនើប​ចង្កូត​ឆ្វេង​មួយ​គ្រឿង​នេះ​ម៉ាកALPHARD​ ​ផលិត​ឆ្នាំ២០១៥​ ​ពាក់​ស្លាក​លេខ​បន្លំ​(​ខេមរភូមិន្ទ02​-​4866​)​ដែល​គ្មាន​ការ​ទទួលស្គាល់​ពី​ក្រសួងការពារជាតិ​ ​។​បច្ចប្បន្ន​រថយន្ត​នេះ​សមត្ថកិច្ច​នាំ​យក​មក​រក្សាទុក​នៅ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ដើម្បី​បន្ត​និ​តិ​វិធី​តាមផ្លូវ​ច្បាប់​។​ ​មន្ត្រី​គយ​ដដែល​ថ្លែង​បញ្ជាក់​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ ​សកម្មភាព​ឃាត់​ចាប់​រថយន្ត​នាំចូល​មក​ប្រើប្រាស់​ខុសច្បាប់​នេះ​ធ្វើឡើង​តាម​ការណែនាំ​ពី​លោក​បណ្ឌិត​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា​ ​និង​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​ដោយ​មិន​ត្រឹមតែ​ជា​ការ​ប្រមូលប្រាក់​ពន្ធ​ទេ​ ​ប៉ុន្តែ​ជា​យុទ្ធនាការ​ ​ឈាន​ទៅ​រក​ការជំរុញ​អោយ​មានការ​គោរពច្បាប់​ជាធរមាន​ផង​ដែរ​។​

​គួ​រម្លឹក​ថា​ ​មួយ​រយៈ​កន្លងទៅ​ ​នៅ​ក្រុង​-​ខេត្ត​ព្រះសីហនុ​ ​មាន​ករណី​ប្រើប្រាស់​រថ​យន្ត​ទំនើប​ៗ​ ​បន្លំ​ពាក់​ស្លាក​លេខ​(​ខម​)​ក្លែងក្លាយ​ច្រើន​ ​ដូច្នេះ​ការ​ចុះ​បង្រ្កាប​ដោយក្រុម​គយ​ ​មានការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​មហាជន​យ៉ាងច្រើន​ព្រមទាំង​សាទរ​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close