ក្រសួងសេដ្ឋកិច្ច អំពាវនាវដល់សាធារណជនយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួន មុននឹងទិញដីឡូត៏ ឬលំនៅឋាន
ក្នុងគោលបំណងជួយឲ្យការទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) អាចប្រព្រឹត្តទៅដោយរលូន និងអាចជៀសវាងហានិភ័យជាយថាហេតុ ដែលបង្កឡើងដោយជនខិលខូច, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ បានធ្វើការអំពាវនាវដល់សាធារណជន សូមយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួន មុននឹងធ្វើការសម្រេចចិត្តទិញអចលនទ្រព្យ។
ក្នុងនោះ ព័ត៌មានសម្រាប់ការទិញដីឡូត៏ សាធារណជនត្រូវដឹង ១. ឈ្មោះម្ចាស់អចលនទ្រព្យ ក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (តើជាដីអភិវឌ្ឍគម្រោងពុះដីឡត៍លក់ ឬជារបស់អ្នកផ្សេង) ២. វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យមានជាប់បន្ទុកឬអត់ ៣. លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច មានចែងនៅក្នុងប្រកាសលេខ០៨៧ដ.ន.ស ប្រក/នក.ចុះថ្ងៃទី១១ឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ៤. ឯកសារបង់ពន្ធអចលនវត្ថុ ៥. បណ្ណបំបែកក្បាលដី និង៦. ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។
សម្រាប់ការទិញលំនៅឋានវិញ ត្រូវដឹង ១. លិខិតអនុញ្ញាតសាងសង់ ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬសាលារាជធានី-ខេត្ត។ ២. វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានជាបន្ទុកឬអត់។ ៣. អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន ចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ៤. ឯកសារបង់ពន្ធអចលនវត្ថុ ៥. បណ្ណបំបែកក្បាលដី និង៦. ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។
សម្រាប់ទំនាក់ទនងព័ត៌មានបន្ថែម សាធារណជនអាចទាក់ទងទៅលេខទូរសព្ទ ០១២ ៣៩៣ ៧២៧ និង ០៩៨ ៩៩៤ ៣៤៤ ឬតាមបណ្តាញសង្គមដែលមានទំព័រហ្វេសប៊ុកឈ្មោះ នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន នៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។