ទណ្ឌិត៧៧រូប នឹងត្រូវបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងពិធីបុណ្យពិសាខបូជា
បន្ទាប់ពីប្រជុំនៅពិនិត្យយ៉ាងល្អិតល្អន់ ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ បានសម្រេចស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត៧៧រូប ស្ត្រី៩រូប ក្នុងនោះបន្ធូរបន្ថយទោសចំនួន ៧៣រូប និងលើកលែងទោសទាំងស្រុងចំនួន ៤ រូប សម្រាប់ឱកាសបុណ្យពិខាងបូជា ឆ្នាំ២០១៩ ខាងមុខនេះ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យពិសាខបូជាឆ្នាំ២០១៩នេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុប ៧៧រូប (ស្ត្រី៩រូប) ក្នុងចំណោមបញ្ជីទណ្ឌិតស្នើសុំសរុប២៥២រូប(ស្ត្រី១៦រូប)។
ក្នុងចំណោមទណ្ឌិត៧៧រូប ដែលត្រូវបានក្រសួងយុត្តិធម៌ សម្រេចស្នើបន្ធូរបន្ថយ និងលើកលែងទោសនេះ រួមមាន ៖ ១ ស្នើបន្ថយទោស៦ខែ ចំនួន៣៧រូប (ស្រី៣រូប) ២ ស្នើបន្ថយទោស៩ខែចំនួន ១៤រូប(ស្រី១រូប) ស្នើបន្ថយទោស១២ខែ ចំនួន២២រូប(ស្រី៤រូប) និងស្នើលើកលែងទោស ចំនួន៤រូប(ស្រី១រូប) ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន៣ដងក្នុង១ឆ្នាំៗ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យពិសាខបូជា និងបុណ្យអុំទូកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។