ស្ថានទូតចិន គាំទ្រដល់ការចាត់វិធានការជនជាតិចិនដែលបង្ហោះវីដេអូចង់បង្កអសន្តិសុខនៅខេត្តព្រះសីហនុ
ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយនូវបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម។
ស្ថានទូតចិនបានសរសេរថា ក្នុងពេលថ្មីៗនេះ បុរសជាងដប់នាក់ដែលហៅខ្លួនឯងជាជនជាតិចិនមកពីទីក្រុងchongqing បានបង្ហោះវីដេអូខ្លីមួយពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត និយាយយ៉ាងក្អេងក្អាងថានឹងបំពុលដល់សន្តិសុខនៅខេត្តព្រះសីហនុ។
ស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចនៃប្រទេសចិន និងកម្ពុជា ដេីម្បីបេីកការស៊េីបអង្កេតអោយបានគ្រប់ជ្រុងជ្រោយលេីបញ្ហាមួយនេះ។
ជាមួយគ្នានេះដែរ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាដាច់ខាតឲ្យសមត្ថកិច្ចកម្ពុជាតាមចាប់ខ្លួនបុរសជនជាតិចិនមួយក្រុមដែលបានប្រកាសថានឹងបង្កភាពអសន្តិសុខនៅក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបមួយរបស់បុរសចិនមួយក្រុមដែលទំនងស្ថិតនៅក្នុងកន្លែងស្នាក់នៅរបស់ពួកគេនៅក្នុងខេត្តព្រះសីហនុ ត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដោយថា ដោយពួកគេបានស្រែក និងលើកដៃប្តេជ្ញា ហើយត្រូវបានបកប្រែជាភាសាខ្មែរក្រៅផ្លូវការថាពួក គេមកពីខេត្តឆុងឆីងប្រទេសចិន ពួកគេនឹងបង្កអសន្តិសុខនៅក្នុងខេត្តព្រះសីហនុ។
អ្វីដែលជាការចាប់អារម្មណ៍នៃសម្តីលើកឡើងនោះ គឺបុរសជនជាតិចិនពាក់ អាវយឺតពណ៌សដែលទំនងជាមេដឹកនាំ នៃក្រុមនេះបានស្រែកខ្លាំងៗថាកំពង់សោម៣ឆ្នាំក្រោយចង់ ឲ្យវឹកវរគឺវឹកវរចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាព ! ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។