ខឹងគេមកបុករថយន្ត570របស់ខ្លួន ចុះទៅទះ៣កំផ្លៀង
បុរសម្នាក់បានចុះពីលើរថយន្តឡិចសុីស570របស់ខ្លួន មកទះយុវជនម្នាក់ចំនួន៣កំផ្លៀង ក្រោយពីខឹងយុវជនរូបនោះបើករថយន្តកូរ៉េមកបុករថយន្តរបស់គាត់ពីក្រោយរងការខូចខាតតិចតួច ដោយបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៥ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅក្បែច្រកចូលវត្តព្រះបាទជាន់ឯក (វត្តជើងឯក) តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ឡិចសុីសLX570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-6921 ដោយស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយឺតលឿនៗ ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ ទំនង់មួយតោនកន្លះ បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរ២នាក់ទៀត មកស្របគ្នាពីក្រោយរថយន្តឡិចសុីស570ខាងលើ ហើយមិនប្រយ័ត្ន ក៏ជ្រុលបុករថយន្តឡិចសុីសចំពីក្រោយ បណ្ដាលឲ្យបែកស្ទុបម្ខាង ឯរថយន្តបង្កក៏បែកស្ទុបម្ខាងដូចគ្នា ។
ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តឡិចសុីស570ដូចជាខឹងសម្បារជាខ្លាំង ក៏បានចុះទៅទះកំភ្លៀងយុវជនម្នាក់ដែលជាតៃកុងចំនួន៣ដៃ និងស្ដីឲ្យខ្លាំងៗថែមទៀត ធ្វើឲ្យអ្នកដំណើរតាមផ្លូវងើងឆ្ងល់ឈប់មើលគ្រប់ៗគ្នា និងបណ្ដាលឲ្យមានកក់ស្ទះចរាចរណ៍ផងដែរ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ជួយសម្របសម្រួលភាគីទាំងសងខាង និងជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើដំណើរផងដែរ។
ជាចុងក្រោយ ថៅកែយុវជនដែលបើករថយន្តកូរ៉េ បានសម្របសម្រួលជាមួយម្ចាស់រថយន្តឡិចសុីស570 ដោយព្រមជួសជុលរថយន្តឡិចសុីសឲ្យស្អាតដូចដើមឡើងវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។