អត់កន្លែងដេក? ដើរទៅដេកកណ្ដាលស្តុប ត្រូវរថយន្ត២-៣គ្រឿងកិនស្លាប់
បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សសតិមិនល្អ បានដើរដេកកណ្ដាលស្តុប ហើយក៏ត្រូវបានរថយន្ត២ទៅ៣គ្រឿងបើកកិនចំកណ្ដាលខ្លួនបណ្ដាលឲ្យស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១២ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្តុប អុីនថឺខន ក្បែរផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
យោងតាមសាក្សីពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះខាងលើ មានសតិមិនប្រក្រតី បានដើរដេកតាមផ្លូវ និងកណ្ដាលផ្លូវជារៀងរាល់ថ្ងៃ ហើយកន្លងមកក៏ត្រូវបានរថយន្តបើកបុកបណ្ដាលឲ្យរងរបួសផងដែរ តែមិនធ្ងន់ធ្ងរនោះទេ ។ ខណៈនៅយប់កើតហេតុ ស្រាប់តែបុរសរូបនេះមកដេកកណ្ដាលស្តុបត្រង់ចំណុចកើតហេតុខាងលើ ធ្វើឲ្យរថយន្តមិនស្គាល់ម៉ាកប្រហែល៣គ្រឿងបើកកិនចំខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រួចហើយរថយន្តបង្កទាំងនោះបានបន្តដំណើរទៅបាត់ស្រមោល។
ក្នុងករណីបុរសសតិមិនល្អត្រូវបានរថយន្តកិនបណ្ដាលឲ្យរងរបួសធ្ងន់នេះ គេសង្គេតឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន និងមន្ទីពេទ្យរដ្ឋ ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការចុះមកដឹកជនរងគ្រោះដើម្បីជួយសង្គ្រោះនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃថា ឃើញតែអ្នកមានលុយ ឯអ្នកអត់លុយមិនខ្វល់ឡើយ។
បន្ទាប់ពីកើតហេតុអស់រយះពេលជាងកន្លះម៉ោង ទើបគេឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន ហុង ហាក់ ចុះមកដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ តែអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីពេទ្យ ។
បច្ចុប្បន្ននេះ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងយកតម្កល់នៅឯវត្តទឹកថ្លា រង់ចាំបូជាតាមប្រពៃណីនាពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។