ក្រុមហ៊ុន​ឯកជន​បូម​ខ្សាច់​ក្បែរផ្លូវ​នៅ​ស្រុក​កំពង់លែង​ ​ធ្វើឲ្យ​ពលរដ្ឋ​បារម្ភ​ខ្លាច​បាក់​ដី​

​កំពង់ឆ្នាំង​៖​ ​បងប្អូន​ប្រជាពលរដ្ឋ​បាន​អោយ​ដឹង​ថា​ ​មាន​ករណី​បូម​ខ្សាច់​មួយ​កន្លែងនៅ​ចំណុច​អ្នកតា​បាត់ដាន​ ​ស្ថិត​ក្នុង​ភូមិ​ល្វា​ ​ឃុំ​ស្វាយរំពារ​ ​ស្រុក​កំពង់លែង​ ​ជាង២ឆ្នាំ​មក​ហើយ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ​ប៉ុន្តែ​មានការ​អនុញ្ញាត​ពី​លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយរំពារ​ម្នាក់​។​

​ចំពោះ​ករណីនេះ​ ​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​អាជ្ញាធរ​ភូមិ​មានការ​ព្រួយ​បា​រម្ម​ណ៍​ណាស់​ ​ចំពោះ​ការ​បូម​ ​យក​ខ្សាច់​នៅ​ចំណុច​នេះ​ ​ព្រោះ​ជាប់​និង​ផ្លូវលំ​ ​ដែល​វា​អាច​នឹង​បាក់​ស្រុត​ផ្លូវ​នៅ​ខែភ្លៀង​ ​ដូច្នេះ​ប្រជាពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ​ឃុំ​ ​និង​ស្រុក​ ​មេត្តា​ ​ជួយ​ទប់ស្កាត់​ជាបន្ទាន់​ផង​។​

​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ ​លោក​ ​ហួត​ ​ផាត​ ​អនុប្រធាន​ភូមិ​ល្វា​ ​ឃុំ​ស្វាយរំពារ​ ​បាន​និយាយ​អោយ​ដឹង​ថា​ ​៖​ ​ការ​បូម​ខ្សាច់​នៅ​ចំណុច​អ្នកតា​បាត់ដាន​ ​នេះ​កើតមាន​ជាង២ឆ្នាំ​មក​ហើយ​ ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​មេភូមិ​ឡើយ​ ​ហើយ​អាជ្ញាធរ​ឃុំ​ ​ក៏​មិនបាន​ប្រាប់​ពី​ករណី​បូម​ខ្សាច់​នេះ​មក​លោក​មេភូមិ​ដែរ​ ​ប៉ុន្តែ​អ្នក​បូម​ខ្សាច់​ប្រាប់​ថា​ ​លោកស្រី​ ​ណាំង​ ​យ៉ែម​ ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វា​រំ​ពារ​ ​ជា​អ្នក​អនុញ្ញាត​។​

​លោក​អនុប្រធាន​ភូមិ​បាន​បញ្ជាក់​អោយ​ដឹង​ទៀត​ថា​ ​ដី​ដែលគេ​កំពុង​បូម​ខ្សាច់​នេះ​ ​ជា​ដី​ឯកជន​បាន​លក់​ទៅ​អោយ​អ្នក​បូម​ខ្សាច់​ ​ទើប​គេ​ធ្វើអាជីវកម្ម​បូម​ខ្សាច់​លក់​អោយ​គេ​។​

​ប៉ុន្តែ​ទោះ​អ្នកលក់​ ​និង​អ្នកទិញ​ដី​បូម​ខ្សាច់​ ​ជាឯក​ជន​មិន​ប៉ះពាល់​ដី​រដ្ឋ​ក៏​ពិតមែន​ ​តែ​ការ​បូម​ខ្សាច់​នេះ​ ​វា​ធ្វើឲ្យ​បាក់​រលុះ​ដី​អន្លុង​ខ្សាច់​មួយ​កន្លែង​ដល់​ជើង​ផ្លូវលំ​ទៅ​ហើយ​ ​បើសិន​បាក់​ផ្លូវលំ​នោះ​ ​តើន​រណា​ជា​អ្នកទទួល​ខុសត្រូវ​។​

​នៅក្នុង​រឿង​ខាងលើ​នេះ​លោកស្រី​ ​ណាំង​ ​យ៉ែម​ ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយរំពារ​ជា​អ្នក​អនុញ្ញាត​អោយ​គេ​បូម​ខ្សាច់​ ​និង​លោកស្រី​ ​ឌី​ ​ឌឿន​ ​មេឃុំ​ស្វាយរំពារ​ ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បានទេ​ ​ដោយ​ទូរ​សព្ទ័​ ​ចូល​ហើយ​តែ​គ្មាន​អ្នកលើ​ក​ទទួល​។​

​ចំណែក​ ​លោក​ ​សំ​ ​ចាន់​ថន​ ​អភិបាលស្រុក​កំពង់លែង​ ​វិញ​បាន​ឆ្លើយ​ថា​៖​ ​លោក​មិនបាន​ដឹងរឿង​នេះ​ទេ​ ​តែ​លោក​នឹង​អោយ​មន្ត្រី​នគរបាល​ប៉ុ​ស្តិ​រដ្ឋបាល​ទៅ​ពិនិត្យមើល​។​ ​លោក​បាន​បញ្ជាក់​ថា​៖​ ​ទោះបីជា​ដី​ឯកជន​ពិតមែន​ ​តែបើ​បូម​ខ្សាច់​ជាប់​ផ្លូវ​បែប​នេះ​ក៍​មិន​ត្រូវ​ដែរ​ ​ព្រោះ​ដី​ចំណី​ផ្លូវ​វា​មានច្បាប់​របស់​វា​ ​គឺ​មិន​អាច​អ្នកណាមួយ​រំលោភបំពាន​បាន​ឡេីយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close