នគរបាល​ជាតិ​បញ្ជាក់​ថា​ ​ក្រុម​សង្គម​ងងឹត​ដែល​គម្រាម​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​ ​មិន​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ទេ​

​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​បាន​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃទី១៤​ ​ឧសភា​ ​ថា​ ​ក្រុម​សង្គម​ងងឹត​ចិន​ ​ដែល​ព្រមាន​ ​ចង់​បង្ក​ធ្វើ​ព្យុះភ្លៀង​ក្នុង​ ​ខេត្ត​ព្រះសីហនុ​របស់​ប្រទេស​កម្ពុជា​ ​គឺជា​ក្រុម​មិន​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ឃ្លី​ប​វីដេអូ​នោះ​សោត​ទៀត​ ​គឺ​ជា​ឃ្លី​ប​វីដេអូ​ចាស់​។​

​ការ​បញ្ជាក់​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​បាន​ធ្វើឡើង​ក្រោយ​វីដេអូ​ឃ្លី​បមួយ​រយៈពេល​ច្រើន​វិនាទី​ ​បាន​បង្ហោះ​ដោយក្រុម​សង្គម​ងងឹត​ចិន​ ​និង​បាន​និយាយ​ជា​ភាសា​ចិន​ព្រមាន​ថា​ ​ពួកគេ​ដែល​មក​ពី​ខេត្ត​ ​ឆុង​ឈីង​ ​អាច​នឹង​បង្ក​ព្យុះភ្លៀង​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​ ​ក្នុងរយៈពេល៣ឆ្នាំក្រោយ​។​ ​ស្ថានទូត​ចិន​ក្រោយ​វីដេអូ​ឃ្លី​ប​ព្រមាន​នេះ​ ​បាន​យល់ព្រម​ធ្វើ​កិច្ចសហការ​ជាមួយនឹង​អាជ្ញាធរ​កម្ពុជា​ ​ដើម្បី​ការស៊ើបអង្កេត​និង​មាន​វិធានការណ៍​តាមផ្លូវ​ច្បាប់​។​

​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា​ ​ក្រោយ​ការស្រាវជ្រាវ​រក​ឃើញថា​ ​ទី​មួយ​ឃ្លី​ប​ ​វីដេអូ​ដែល​បាន​បង្ហោះ​អំពី​ក្រុមបងធំ​ជនជាតិ​ចិន​ដែល​គម្រាម​កំហែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ ​មិនមែន​ជា​ឃ្លី​ប​វីដេអូ​ថ្មី​ទេ​ ​ប៉ុន្តែ​ជា​ឃ្លី​ប​វីដេអូ​ចាស់​។​ ​ទី២​ ​ក្រុម​សង្គម​ងងឹត​នេះ​ ​សមត្ថកិច្ច​បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​និង​រក​ឃើញថា​ ​ក្រុមបងធំ​ទាំងអស់​នេះ​ ​ពុំ​មាន​វត្តមាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះ​ឡើយ​។​ ​ទី៣​ ​សមត្ថកិច្ច​នគរបាល​ ​ជាតិ​កម្ពុជា​ ​កំពុង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​និង​ជួន​ព័ត៌មាន​ទំនាក់ទំនង​សហការ​យ៉ាង​ម៉ត់ចត់​ជាមួយ​ភាគី​ចិន​ ​ដើម្បី​ស្រាវជ្រាវ​រឿង​នេះ​ ​អោយ​ទាល់តែ​ឃើញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close