ប្រជាពលរដ្ឋ​អស់ជំនឿ​ទៅលើ​ចៅអធិការ​ស្តីទី ដែល​មិន​គោរព​ទៅតាម​ព្រះ​វិន័យ​ធម៌ លួច​ឆាន់​ស្រា​

​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​គណៈកម្មការ តាអាចារ្យ​វត្ត​ប្រាសាទ​ជាងទង ហៅ​វត្ត​ក្នុង ស្ថិតក្នុង​ភូមិ​ក្នុង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ពួកគាត់​បាន​អស់ជំនឿ​ទៅលើ​ចៅអធិការ​ស្តីទី ដែល​មិន​គោរព​ទៅតាម​ព្រះ​វិន័យ​ធម៌ លួច​ឆាន់​ស្រា និង​ឡូឡា​ក្នុង​វត្ត ទោះបី​កន្លងមក​ចៅអធិការ​ស្តីទី​អង្គ​នោះ​ធ្លាប់​បានធ្វើ​កិច្ចសន្យា​១​លើក​ជា​២​លើក​ក្តី​នៅតែ​មិន​គោរព​ទៅតាម​កិច្ចសន្យា​ឡើយ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត រួម​និង​គណៈកម្មការ តាអាចារ្យ​វត្ត សម្រេច​ស្នើសុំ​ឲ្យ​មន្ត្រី​សង្ឃ​ស្រុក ខេត្ត និង​លោក​អភិបាលខេត្ត ជួយ​ធ្វើយ៉ាងណា ឲ្យ​ចៅអធិការ​វត្ត​ស្តីទី​អង្គ​នោះ​គោរព​ទៅតាម​កិច្ចសន្យា ដែល​បាន​សន្យាថា នឹង​និមន្ត​ចេញពី​វត្ត​នៅ​ថ្ងៃ​ផុត​ចេញ​វស្សា​កន្លងទៅនេះ ។​

​ប្រជាពលរដ្ឋ និង​គណៈកម្មការ​វត្ត​ប្រាសាទ​ជាងទង ហៅ​វត្ត​ក្នុង បាន​លើកឡើងថា ក្រោយពី​ព្រះគ្រូ​ចៅអធិការ​វត្ត​ចាស់​សុគត​ទៅ វត្ត​គ្មាន​ចៅអធិការ​ឡើយ មានតែ​ព្រះសង្ឃ​ព្រះនាម កង ចិន្តា ដែល​បួស​ចាស់វស្សា​ច្រើនជាងគេ ក្រោយមក​គណៈ​ក​ម្មា​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ចេះតែ​នាំគ្នា​ហៅ​ព្រះ​អង្គជា​ចៅអធិការ​ស្តីទី​រហូតមក តែ​គ្មាន​ការតែងតាំង ឬ​ប្រកាស​អ្វី​ពី​មន្ត្រី​សង្ឃ​ឡើយ ។ ក្រោយមក​ចៅអធិការ​វត្ត​ស្តីទី​រូបនោះ​ចេះតែ​លួច​ឆាន់​ស្រា​ជា​ញឹកញាប់ ។​

​ក្នុង​កំណត់ហេតុ​របស់​គណៈកម្មកា​រ​វត្ត​បាន​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ព្រះសង្ឃ កង ចិន្តា បាន​ស្រែក​ឡូឡា​ផ្អើល​អស់​ព្រះសង្ឃ​គង់​ក្នុង​វត្ត និង​ដូនជី ហើយក៏​បាននាំគ្នា​ទៅ​មើល​ក្នុង​កុដិ​ចៅអធិការ​វត្ត​ស្តីទី​ក៏បាន​ឃើញ​មាន​កំប៉ុង​ស្រា​បៀរ​អាំង​ឆឺ (Anchor) កន្លះ​កេស ។ លុះ​ស្អែក​ឡើង​មានការ​ប្រជុំ​ជាមួយ​គណៈកម្មការ​និង​ចៅអធិការ​វត្ត​ស្តីទី​ដើម្បី​សួរនាំ ចៅអធិការ​វត្ត​ស្តីទី​បាន​ភាព​ថា ពិតជា​បាន​ឆាន់​ស្រា​ពិតមែន ។ កាលណោះ​ព្រះអង្គ កង ចិន្តា បាន​ព្រមធ្វើ​កិច្ចសន្យា ដោយ​ថា បើ​ថ្ងៃក្រោយ​អាត្មា​ឆាន់​ស្រា​ទៀត​សុខចិត្ត​និមន្ត​ចេញពី​វត្ត​ដោយ​ខ្លួនឯង ។ ពេលនោះ​គឺ​ក្រោយ​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​កឋិនទាន និង​មិន​ចង់​ឲ្យ​វត្តមាន​ឈ្មោះ​អាក្រក់ គណៈកម្មការ​វត្ត​ក៏​យល់ព្រម និង​លាក់​ការណ៍​រឿង​នោះ​រហូតមក ។ ប៉ុន្តែ​ក្រោយមកទៀត​គឺ​នៅវេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៦ គឺ​ក្រោយ​បញ្ចប់​បុណ្យ​ភ្ជុំ​បិ​ណ្យ ស្រាប់តែ​ចៅអធិការ​វត្ត​ស្តីទី កង ចិន្តា បាន​ស្រែក​ឡូឡា​ជេរ​នេនៗ និង​គណៈកម្មការ​វត្ត (​មាន​ក្នុង​កំណត់ហេតុ​)​នៅ​នឹង​កុដិ​រហូត​ម៉ោង​៤​ភ្លឺ​ទើប​ស្ងប់ ។ ក្រោយមក ពេល​សាកសួរ ចៅអធិការ​វត្ត​ស្តីទី​អង្គ​នោះបាន​សារភាព​ពិតជា​បាន​ឆាន់ ABC អស់​២-៣​កំប៉ុង​ពិតមែន ហើយ​បានធ្វើ​កិច្ចសន្យា​ទៀតថា នឹង​ចាក​ចេញពី​វត្ត​នៅពេល​ចប់​បុណ្យ​ចេញ​វស្សា​នេះ ។ តែ​ផុត​ថ្ងៃ​ចេញ​វស្សា​ទៅហើយ ព្រះសង្ឃ​អង្គ​នេះ​មិន​ព្រម​ចាក​ចេញពី​វត្ត​ឡើយ ហើយ​បាន​ទម្លាក់កំហុស​ទៅ​លោក​មេឃុំ​ស្វាយជ្រុំ​ថា មិន​ឲ្យ​និមន្ត​ចេញពី​វត្ត ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក យី ភួ​ន មេឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បានបញ្ជាក់​ប្រាប់​ពុទ្ធបរិស័ទ និង​គណៈកម្មការ​វត្ត​ថា លោក​មិនបាន​ឃាត់​មិន​ឲ្យ​ព្រះអង្គ​ចេញពី​វត្ត​នោះទេ គឺ​គ្រាន់តែ​ប្រាប់ថា ឲ្យ​ចៅអធិការ​វត្ត​ស្តីទី​អង្គ​នោះ​នៅ​ឲ្យ​ស្ងៀម​សិន ព្រោះ​នៅក្នុង​ខែ​ចូល​វស្សា ពេលចេញ​វស្សា​ហើយ​ព្រះអង្គ​ចង់​និមន្ត​ចេញពី​វត្ត​ក៏​ចេញ​ចុះ លោក​អត់​ហាមឃាត់​ទេ ។ ចំណែក​រឿង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មិន​ពេញចិត្ត ព្រះអង្គ​ក៏​មិនដឹង​គង់នៅ​ធ្វើ​អី​ទៀត​ដែរ វីវរ​ខូច​ឈ្មោះ​វត្ត​ទៀត ។ ចំពោះ​រឿងនេះ​លោក​បាន​ជម្រាប និង​រាយការណ៍​ទៅ​ថ្នាក់លើ​ហើយ ប៉ុន្តែ​លោក​បញ្ជាក់ថា រឿង​ដាច់​អាបត្តិ ខុស​វិន័យ​ធម៌​ត្រឹម​ក្រេប​នូវ​គ្រឿង​ស្រវឹង វិន័យ​សង្ឃ ត្រឹមតែ​សំដែង​អាបត្តិ​ប៉ុណ្ណោះ មិន​ដល់​ថ្នាក់​ផ្សិ​ក​បណ្តេញ​ចេញពី​វត្ត​នោះទេ អាច​ថា ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​និមន្ត​ចេញពី​វត្ត​ទៅ​គង់នៅ​វត្ត​ផ្សេង​ទៅ​ចប់​រឿង​ហើយ ។​

​ជួប​ជាមួយ​អ្នកយកព័ត៌មាន ចៅអធិការ​វត្ត​ស្តីទី កង ចិន្តា បាន​សារភាពថា ព្រះអង្គ​ពិតជា​ឆាន់​ស្រា​ពិតមែន និង​ពិតជា​បានធ្វើ​កិច្ចសន្យា​២​ដង​ថា នឹង​និមន្ត​ចេញពី​វត្ត​ពិតមែន ប៉ុន្តែ​មិនទាន់​បានចេញ ។ ហើយ​រឿង​ចោទថា លោក​មេឃុំ​មិន​ឲ្យ​ចេញពី​វត្ត ព្រះអង្គ​មិនបាន​ថា​ទេ ។​

​ទោះបីជា​បែបនេះ​ក្តី ពុទ្ធបរិស័ទ​ចំណុះជើងវត្ត រួម​និង​គណៈកម្មការ តាអាចារ្យ​វត្ត​ប្រាសាទ​ជាងទង ហៅ​វត្ត​ក្នុង បាន​សំដែង​នូវ​ក្តី​ព្រួយបារម្ភ​ថា នឹង​គ្មាន​អង្គ​កឋិនទាន​ដង្ហែ​ចូល​វត្ត ព្រោះតែ​ចៅអធិការ​ស្តីទី​អង្គ​នេះ​មិន​និមន្ត​ចេញពី​វត្ត ចំណែក​អង្គ​កឋិនទាន​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ចប់​ហើយ ហេតុនេះ​ពួកគាត់​សំណូមពរ​ដល់​មន្ត្រី​សង្ឃ​គ្រប់​ជាន់ថ្នាក់ សូម​ប្រញាប់​ចុះទៅ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ផង ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close