រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្នើក្រុមហ៊ុនអាមេរិកជួយដោះស្រាយកង្វះខាតថាមពលអគ្គិសនីនៅកម្ពុជា
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្នើឱ្យក្រុមហ៊ុនអាមេរិកជួយដោះស្រាយចំពោះកង្វះខាតថាមពលអគ្គិសនីនៅ កម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់អនាគត ដើម្បីគាំទ្រក្នុងវិស័យសុខាភិបាល, ការគាំទ្រការកសាងសមត្ថភាពរបស់មន្ត្រី និងការធ្វើឱ្យប្រសើរឡើងនៃសមត្ថភាពផលិតថាមពល អគ្គិសនីនៅកម្ពុជា។
ការស្នើនេះធ្វើឡើងខណៈអនុញ្ញាតឱ្យលោក ចន ជីរៃ (Mr. John G. Rice)អគ្គនាយកក្រុមហ៊ុន General Electric Gas Power និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ថាមពលអគ្គិសនី មានតួនាទីសំខាន់ក្នុងដំណើរការសេដ្ឋកិច្ច តាមរយៈការធានាបាន និងធ្វើឱ្យប្រសើរឡើងនូវ ភាពប្រកួតប្រជែងពាណិជ្ជកម្ម។ ឯកឧត្តមក៏បានស្នើសុំឱ្យលោកអគ្គនាយកក្រុមហ៊ុនបន្តផ្តល់ការគាំទ្រទៅលើកិច្ចការសំខាន់ផ្សេងៗទៀត រួមមាន វិស័យសុខាភិបាល និងសុខុមាលភាពរបស់ប្រជាជន ការដោះស្រាយបញ្ហាប្រឈមនៃការផ្គត់ផ្គង់អគ្គិសនី និងជួយគាំទ្រកសាងសមត្ថភាព និងសិក្សាការបន្ទាបថ្លៃអគ្គិសនីនៅកម្ពុជាបន្ថែមទៀត។
លោក ចន ជីរៃ បានយល់ស្រប និងទទួលយកទៅពិចារណាចំពោះសំណើរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហើយក្រុមការងាររបស់លោកនឹងប្តេជ្ញាបន្តកិច្ចសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ធ្វើការពិនិត្យសិក្សាទៅលើការងារ និងសំណើទាំងនេះ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន General Electric មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០០៩ ដោយបានកសាងភាពជាដៃគូជាមួយនឹងវិស័យឯកជន និងសាធារណៈ ដោយអាជីវកម្មដែលមានភាពសកម្ម គឺវិស័យថាមពល អគ្គិសនី, ដំណោះស្រាយបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី និងថាមពលអគ្គិសនីសម្រាប់វិស័យសុខាភិបាល។ ក្រុមហ៊ុនមានទីស្នាក់ការនៅក្នុងរដ្ឋ Boston សហរដ្ឋអាមេរិក និងនៅក្នុងប្រទេសចំនួន ១៧៥ ។ ក្រុមហ៊ុននេះ គឺបានដោយផ្តោតលើដំណោះស្រាយផ្នែកថាមពល ក្រុមហ៊ុនមានបទពិសោធន៍ច្រើនលើថាមពលអគ្គិសនី ដែលរួមមាន៖ ថាមពលធ្យូងថ្ម, ថាមពល វារីអគ្គិសនី និងថាមពលកកើតឡើងវិញ (Renewable Energy) ដូចជា ថាមពលពន្លឺព្រះអាទិត្យ, ខ្យល់, ថាមពលជីវចម្រុះ និងថាមពលនុយក្លេអ៊ែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។