នាយករដ្ឋមន្ត្រីកោតសរសើរកីឡាករកម្ពុជា បើទោះបីចាញ់ ហ្ស៊កដានិ ០-៧
បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាមៗនៅរំលងអធ្រាតថ្ងៃទី២៩ ខែមីនា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារនៅលើបណ្តាញសង្គម ដោយអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតជាមួយក្រុមកីឡាបាល់ទាត់ ហ្ស៊កដានី(Cambodia -០ vs Jordan-7)ក្នុងការប្រកួតពានរង្វាន់ជើងឯកអាស៊ី២០១៩ វគ្គជម្រុះជុំចុងក្រោយ (AFC Asian Cup 2019 Final Group Qualifiers) ដែលធ្វើការប្រកួតនៅពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II។
សម្តេចបានកោតសរសើរចំពោះសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងយ៉ាងល្អក្នុងលក្ខណៈមិត្តភាពអន្តរជាតិ ដែលបានបង្ហាញឲ្យឃើញពីការរីកចម្រើន វិស័យកីឡានៅក្នុងប្រទេសកម្ពុជា។
«ចាញ់ឈ្នះគឺជាការធម្មតា សង្ឃឹមថាក្មួយៗកីឡាករនឹងខិតខំ លេងអោយកាន់តែល្អដើម្បីទទួលជ័យជំនះនៅក្នុងការប្រកួតលើកក្រោយ»។
ជាមួយគ្នាសម្តេចក៏បានសម្តែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា និងសូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់នៅ ក្នុងការប្រកួតលក្ខណៈអន្តរជាតិខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។